អ្នកនាង Chutima Kamnerdkaew ឬ Palm និស្សិតវ័យក្មេងវ័យ ២៦ឆ្នាំ មកពីសកលវិទ្យាល័យ Songkla បានជ្រើសរើសធ្វើជាអ្នកលក់នំបុ័ងអប់ស្រួយយីហោ “PN Stories”។ បើទោះជាផ្តើមចេញពីអាជីវកម្មតូចមួយក៏មែនពិត តែនាងបានតាំងចិត្តធ្វើវាអស់រយៈពេល ២ឆ្នាំ ដោយការលក់ក្នុងថ្ងៃដំបូងបានត្រឹមតែ ៣៧ប្រអប់តែប៉ុណ្ណោះ។ ប៉ុន្តែមកទល់សព្វថ្ងៃនេះវិញ ការលក់របស់នាងបានកើនដល់ ៥,០០០ ប្រអប់ក្នុងមួយខែ ដោយបង្កើនប្រាក់ចំណូលជិតមួយមុឺនដុល្លារក្នុងមួយខែ។
អ្នកនាង Chutima Kamnerdkaew ឬ Palm បានរៀបរាប់បន្តអំពីចំណុចចាប់ផ្តើមទម្រាំតែក្លាយទៅជាអាជីវកម្មនំបុ័ងអប់ស្រួយឈ្ងុយឆ្ងាញ់បែបនេះថា ពីមុនគាត់ធ្វើការជា admin page ដែលមានតួនាទីឆ្លើយតបនឹងការជជែករបស់អតិថិជនរួមជាមួយនឹងការរៀនផងដែរ។ ក្រោយមកពេលរៀនចប់ អ្នកនាងមិនហ៊ានទៅធ្វើការនៅកន្លែងផ្សេងទេ ដោយសារតែមិនមានទំនុកចិត្តលើខ្លួនឯង ហើយស៊ាំនឹងការងារជា admin ដូច្នេះហើយអ្នកនាងក៏សម្រេចចិត្តក្លាយជាអ្នកលក់នំប៉័ងអប់ស្រួយវិញ។
អ្នកនាងបានបន្តទៀតថា «បន្ទាប់ពីផ្លាស់ទៅនៅជាមួយមិត្តប្រុស ពួកគេបានជួយគ្នារៀបចំផែនការអនាគត គឺពួកគេទាំងពីរមានបំណងចង់បើកហាងកាហ្វេដែលមានលក្ខណៈជាអាជីវកម្មរបស់គ្រួសារផ្ទាល់ ទើបធ្វើឱ្យនាងហ្វឹកហាត់ធ្វើនំតាមរូបមន្តដែលបង្រៀនធ្វើតាមយូធូប បូករួមនិងការកែកុន ដើម្បីដាក់លក់នៅហាង ព្រោះតែនាងក៏សម្លឹងមើលឃើញថា នំបុ័ងអប់ស្រួយគឺអាចឆ្លើយតបទៅនឹងតម្រូវការច្រើនបំផុត ព្រោះវាងាយស្រួលញ៉ាំនិងស្រួលលក់ បូករួមទាំងមិត្តប្រុសរបស់នាងផ្ទាល់បានយកនំដែលនាងបានអប់រួចយកទៅអោយមិត្តភក្តិរបស់លោកភ្លក់ហើយទាំងអស់គ្នាថា ឆ្ងាញ់ខ្លាំងទើបដាក់លក់តែម្តងទៅ ហើយនេះគឺជាចំណុចចាប់ផ្តើមនៃអាជីវកម្មមួយនេះ»។
នាងបានបន្តថា “អ្នកនាងមានការលំបាកជាច្រើន តាំងពីថ្នាក់បឋមសិក្សាមកម្ល៉េះ គឺនាងធ្វើការរាល់ថ្ងៃសៅរ៍ និងអាទិត្យ រហូតមកដល់ថ្នាក់មហាវិទ្យាល័យ ក៏នៅតែធ្វើ ហើយអ្នកនាងក៏មិនបាននឹកស្មានថា អ្នកនាងនឹងជោគជ័យដល់ថ្នាក់នេះទេ ព្រោះពីដំបូងឡើយ អ្នកនាងគិតថារៀនធ្វើ ដើម្បីរង់ចាំថ្ងៃបើកហាងកាហ្វេតែប៉ុណ្ណោះ តែធ្វើទៅធ្វើមកបែរជារកចំណូលបានច្រើនខ្លាំង។ ចំណែកឪពុកម្តាយរបស់អ្នកនាង ក៏បានលើកទឹកចិត្តឱ្យធ្វើនៅអ្វីដែលធ្វើឱ្យនាងសប្បាយចិត្ត ហើយលោកទាំងពីរពិតជាមានមោទកភាពចំពោះអ្នកនាងខ្លាំងដែលព្យាយាមតស៊ូរហូតមានអាជីវកម្មជារបស់ខ្លួនឯងបែបនេះ”។ ជាចុងក្រោយ អ្នកនាង Chutima Kamnerdkaew ឬ Palm បានបន្ថែមថា ចំពោះបងប្អូនឬអ្នកដែលមានបំណងចង់ធ្វើអ្វីមួយ ចូរកំណត់គោលដៅនិងចុះដៃធ្វើវាជាមួយនឹងការតាំងចិត្តពុះពារនៅរាល់ការលំបាកយ៉ាងមានក្តីសង្ឃឹម ហើយអ្នកទាំងអស់គ្នាច្បាស់ជាទទួលបានជោគជ័យជាមិនខាន៕





អត្ថបទ៖ Bee
ប្រភព៖ sentangsedtee


