ម៉ាតដ៏ល្បី 7-Eleven បញ្ឈប់បុគ្គលិកជិត ១ពាន់នាក់ នៅសហរដ្ឋអាមេរិក ខណៈប្រទេសនេះកំពុងរងសម្ពាធអតិផរណាកើនឡើង
អាជីវកម្ម July 22, 2022 Khmernote

អ្នកនាំពាក្យក្រុមហ៊ុនលក់រាយដ៏ល្បីមួយរបស់ជប៉ុន 7-Eleven បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ហាងទំនិញ 7-Eleven បានបញ្ឈប់បុគ្គលិកចំនួន ៨៨០នាក់នៅសហរដ្ឋអាមេរិក។ ខ្សែសង្វាក់លក់រាយដែលគ្រប់គ្រងដោយក្រុមហ៊ុនលក់រាយរបស់ជប៉ុន Seven & i Holdings បានកាត់បន្ថយការងារនៅមជ្ឈមណ្ឌលគាំទ្ររបស់ខ្លួន និងប្រតិបត្តិការផ្នែកជំនួយនៅ Irving រដ្ឋ Texas និង Enon រដ្ឋ Ohio។

គួររម្លឹកថា ក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Seven & i Holdings បានយល់ព្រមទិញស្ថានីយ៍ប្រេងឥន្ធនៈ Speedway របស់ Marathon Petroleum ក្នុងតម្លៃ ២១ពាន់លានដុល្លារ។ កិច្ចព្រមព្រៀងនេះបានបង្កើនចំនួនហាង 7-Eleven នៅសហរដ្ឋអាមេរិក និងកាណាដាដល់ប្រហែល ១៤,០០០ ហាង។ ជាមួយគ្នានេះដែរ កាលពីឆ្នាំមុនវិនិយោគិនសកម្មរបស់សហរដ្ឋអាមេរិក ValueAct Capital បានទិញភាគហ៊ុនចំនួន ១.៥៣ ពាន់លានដុល្លារនៅក្នុង Seven & i Holdings ហើយបាននិងកំពុងជំរុញឱ្យក្រុមហ៊ុនធ្វើកំណែទម្រង់រចនាសម្ព័ន្ធ និងលក់ទ្រព្យសម្បត្តិនៅ 7-Eleven ។

ដូចនេះហើយ ហាងទំនិញ 7-Eleven នៅសហរដ្ឋអាមេរិកមានរយៈពេលជាងមួយឆ្នាំប៉ុណ្ណោះ ក្នុងដំណើរការសមាហរណកម្មរបស់ខ្លួន នេះបើតាមអ្នកពាក្យរបស់ក្រុមហ៊ុន។ គួរបញ្ជាក់ផងដែរថា 7-Eleven ចូលរួមជាមួយក្រុមហ៊ុនជាច្រើនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលថ្មីៗនេះបានបញ្ឈប់បុគ្គលិករបស់ពួកគេ ខណៈដែលប្រទេសនេះកំពុងតស៊ូជាមួយនឹងសម្ពាធអតិផរណាដែលកំពុងកើនឡើង៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia
រូបភាព៖ chainstoreage,nyt, prnewswire