Ford គ្រោងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់នៅអាមេរិក ដើម្បីត្រៀមលុយទុកផលិតរថយន្តអគ្គិសនី
អាជីវកម្ម July 21, 2022 Khmernote

ក្រុមហ៊ុន Ford Motor គ្រោងនឹងបញ្ឈប់បុគ្គលិកចំនួន ៨ពាន់នាក់ក្នុងសប្ដាហ៍ខាងមុខនេះ ដើម្បីទុកធនធានដល់ការផលិតរថយន្តអគ្គិសនីរបស់ខ្លួន។ បើតាមប្រភពច្បាស់ការដែលបានប្រាប់សារព័ត៌មាន Bloomberg បានឱ្យដឹងថា ការកាត់បន្ថយនេះនឹងប៉ះពាល់ដល់អង្គភាព Ford Blue ដែលទើបបង្កើតថ្មី ដើម្បីផលិតម៉ាស៊ីនសម្រាប់រថយន្តដែលប្រើហ្គាស ក៏ដូចជាមុខតំណែងប្រតិបត្តិការផ្សេងទៀតនៅទូទាំងក្រុមហ៊ុននេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា បុគ្គលិកមួយចំនួននឹងត្រូវបណ្ដេញចេញនៅរដូវក្ដៅខាងមុខនេះ ហើយការបញ្ឈប់ការងារនេះទៀតសោត អាចនឹងកើតឡើងជាដំណាក់កាលបន្តទៀត។ ជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានកត់សម្គាល់ថា ការបញ្ឈប់នេះនឹងធ្វើឡើងផ្ដោតលើក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិក ដែលមានបុគ្គលិកចំនួន ៣១,០០០នាក់។

ទោះបីជាយ៉ាងណាក្ដី ក្រុមហ៊ុន Ford បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​កាត់​បន្ថយ​ការងារ​ដ៏​ច្រើននេះឡើយ តែក្រុមហ៊ុនបានសង្កត់ធ្ងន់ថា ខ្លួន​ប្តេជ្ញា​ធ្វើ​បដិវត្តន៍​រថយន្តអគ្គិសនី ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត​ជា​ច្រើន​ ជឿ​ជាក់​ថា​អនាគត​នៃ​ទីផ្សារ​រថយន្ត​កំពុង​ឈាន​ទៅ​មុខ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាព៖ teslarati, wp.com, nbc25news