ក្រុមហ៊ុនមួយនៅអាមេរិកឈ្មោះថា Meta ដាក់ពាក្យប្ដឹងក្រុមហ៊ុន Meta មេធំរបស់ Facebook ពីបទយកឈ្មោះរបស់គេមកប្រើ
អាជីវកម្ម July 21, 2022 Khmernote

ក្រុមហ៊ុនដំឡើង-ផ្ទាំងសិល្បៈមួយនៅសហរដ្ឋអាមេរិកដែលមានឈ្មោះថា Meta បានដាក់ពាក្យប្ដឹងមេធំរបស់ Facebook គឺក្រុមហ៊ុន Meta ពីបទប្រើប្រាស់ឈ្មោះដូចគ្នា។ ក្រុមហ៊ុនមួយនេះ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំង ដោយសារតែក្រុមហ៊ុន Facebook បានប្ដូរឈ្មោះថ្មីហើយមកដាក់ឈ្មោះ Meta ដូចពួកគេដែរ ទាំងដែលឈ្មោះនេះពួកគេខំប្រឹងសាងឡើង ដោយកម្លាំងញើសឈា.ម ផ្ទាល់ខ្លួនយ៉ាងលំបាក។

នៅក្នុងការបង្ហោះនៅលើគេហទំព័ររបស់ខ្លួន Meta​ ដែលជាក្រុមហ៊ុនដំឡើង-ផ្ទាំងសិល្បៈ បានរៀបរាប់ថា៖ ” ចំពេលដែលក្រុមហ៊ុនមានបញ្ហាប្រឈមនៃជំងឺរាតត្បាត និងផលប៉ះពាល់មួយចំនួននៃអាជីវកម្មរបស់ខ្លួន ក្រុមហ៊ុនដ៏មានឥទ្ធិពលបំផុតមួយក្នុងពិភពលោក (Facebook ដែលបច្ចុប្បន្នប្ដូរមកជា Meta​) បានយកអត្តសញ្ញាណរបស់យើងដោយមិនមានការជូនដំណឹងជាមុនឡើយ”។

ក្រុមហ៊ុននេះក៏បានបន្ថែមថា ពួកគេគ្មានជម្រើសអ្វីក្រៅពីដាក់ប្ដឹងឡើយ ព្រោះបានព្យាយាមចរចាជាមួយ Facebook ដោយស្មោះត្រង់អស់រយៈពេល ៨ខែ ប៉ុន្តែមិនបានផល។ នៅក្នុងពាក្យបណ្ដឹង បានចោទប្រកាន់ថា Facebook បានរំលោភលើពាណិជ្ជសញ្ញាដែលបានចុះបញ្ជីសហព័ន្ធ និងសិទ្ធិពាណិជ្ជសញ្ញាច្បាប់ទូទៅរបស់ Meta (ក្រុមហ៊ុនដំឡើង-ផ្ទាំងសិល្បៈ) ហើយបានចូលរួមក្នុងសកម្មភាពដ៏ធ្ងន់ធ្ងរនៃការប្រកួតប្រជែងមិនយុត្តិធម៌។ មិនតែប៉ុណ្ណោះ Meta ដែលជាមេធំរបស់ Facebook បានរឹបអូសយក IP របស់ពួកគេយ៉ាងដាច់អហង្ការ ហើយប្រើវាក្នុងចន្លោះដូចគ្នាដែលពួកគេបានដំណើរការអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនដំឡើង-ផ្ទាំងសិល្បៈដែលមានឈ្មោះថា Meta គឺជាក្រុមហ៊ុនដែលតុបតែងប្រពន្ធភ្លើង និងការរចនាឆាក, project និងការពិតនិម្មិត ការបង្ហាញម៉ូដ ការបោះពុម្ព 3D និងសេវាកម្មជាច្រើនទៀត។ ដោយឡែក Facebook ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញវិញ កាលពីខែតុលាឆ្នាំមុនបានប្រកាសថា ខ្លួននឹងត្រូវប្តូរឈ្មោះមកជា Meta ដើម្បីគ្របដណ្តប់គម្រោងទាំងអស់ដែលនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយក៏សម្រេចប្ដូរជាផ្លូវការមកដល់បច្ចុប្បន្ននេះ៕

អត្ថបទ៖ លីនី
ប្រភព៖ unilad