ក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយ កំពុងចំណាយប្រាក់ ១ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Coca-Cola នៅកម្ពុជានិងវៀតណាម
អាជីវកម្ម July 19, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nikkei បានឱ្យដឹងថា ក្រុមហ៊ុន Swire បានប្រកាសកាលពីថ្ងៃច័ន្ទថា ខ្លួនកំពុងចំណាយប្រាក់ចំនួន ១.០១ពាន់លានដុល្លារ ទិញយកក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា។ Swire គឺជាក្រុមហ៊ុនក្រុមហ៊ុនសម្ព័ន្ធអង់គ្លេសដ៏ធំមួយចុះបញ្ជីក្នុងទីក្រុងហុងកុង ដែលទទួលបានសិទ្ធិផលិត និងលក់ភេសជ្ជៈ Coca-Cola ធំលំដាប់ថ្នាក់ទី៥ នៅលើពិភពលោក។

លោក Patrick Healy ដែលបម្រើការនៅក្រុមប្រឹក្សាភិបាលរបស់ Swire និងជាប្រធានក្រុមអាជីវកម្ម Coca-Cola កម្ពុជា និងវៀតណាម បាននិយាយនៅក្នុងសេចក្ដីប្រកាសមួយថា៖ “ការទិញយកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Swire Coca-Cola ដើម្បីពង្រីកនូវដំណើរការប្រតិបត្តិការរ និងចំនួនប្រជាជននៅក្នុងតំបន់ថ្មីមួយ”។ លោកក៏បានបន្ថែមថា “ការពង្រីកទឹកដីនេះ គឺជាផ្នែកនៃយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយ ដើម្បីពង្រីកទំហំ បរិមាណ និងប្រាក់ចំណូលជាសកលនៃអាជីវកម្មដបរបស់យើង”។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Swire ដែលទទួលបានសិទ្ធិប្រើយីហោ Coca-Cola អាមេរិកចាប់តាំងពីឆ្នាំ១៩៦៥មក បានប្រកាសទិញក្រុមហ៊ុន Coca-Cola នៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ដែលបច្ចុប្បន្នគ្រប់គ្រងដោយក្រុមហ៊ុន Coca-Cola (ជប៉ុន) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធពេញលេញរបស់ Coca-Cola សហរដ្ឋអាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ nikkei
រូបភាព៖ chinadailyhk, phnompenhpost, cdn, kjzz.org