ក្រុមហ៊ុនអាកាសចរណ៍មួយ អង្វរអ្នកដំណើរចំនួន ២៥នាក់ឱ្យចុះពីយន្តហោះ ក្រោមហេតុផលធ្ងន់ពេកមិនអាចហោះហើរបាន
អាជីវកម្ម July 13, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo នៅថ្ងៃទី១៣ ខែកក្កដានេះ បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានអង្វរអ្នកដំណើរចំនួន ២៥នាក់ឱ្យចុះពីយន្តហោះ ដោយសារតែមូលហេតុផ្ទុកទំងន់ធ្ងន់ពេកមិនអាចហោះហើរបាន ហើយក្រុមហ៊ុននេះ បានធ្វើឱ្យបាត់វ៉ាលីរបស់ភ្ញៀវទៀតផង។

អ្នកដំណើរម្នាក់បានប្រាប់សារព័ត៌មាន Business Insider ថា ការធ្វើដំណើរ ២១ម៉ោងរបស់គាត់ទៅកាន់អឺរ៉ុបកាលពីចុងសប្តាហ៍មុនគឺជា “បទពិសោធន៍ហោះហើរដ៏អាក្រក់បំផុត” ដែលគាត់មិនធ្លាប់បានជួប។ អ្នកដំណើររូបនេះបានបន្តថា គាត់បានចំណាយប្រាក់ទិញសំបុត្រយន្តហោះតម្លៃ ១១,០០០ ដុល្លារ​ទៅ​អឺរ៉ុប​ ហើយក្នុងអំឡុងពេលដំណើរ ក្រុមហ៊ុន Air Canada បានពន្យារពេលជើងហោះហើររបស់អ្នកដំណើរសរុបចំនួន ១០ដង ហើយបានធ្វើឱ្យបាត់វ៉ាលីរបស់គាត់ទៀតនៅតាមផ្លូវពេលចុះចតដើម្បីបន្តជើងហោះ។

ក្រៅពីការបាត់បង់របស់ខ្លួន អ្នកដំណើររូបនេះបានឱ្យដឹងទៀតថា នៅពេលដល់ម៉ោងឡើងយន្តហោះតជើងបន្តទៀត ស្រាប់តែបុគ្គលិកបម្រើការលើយន្តហោះបានអង្វរ អ្នកដំណើរ ២៥នាក់ឱ្យផ្លាស់ប្តូរជើងហោះហើររបស់ពួកគេនៅនាទីចុងក្រោយ ដោយសារតែយន្តហោះនេះធ្ងន់ពេកមិនអាចហោះចេញបាន។

គួរឱ្យដឹងថា ប្រហែល ៦៥% នៃជើងហោះហើររបស់ Air Canada ត្រូវបានពន្យារពេលនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ ដូចដែល Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទ។ ជាមួយគ្នានេះកាលពីថ្ងៃអាទិត្យ ៧០% ត្រូវបានពន្យារពេល ពោលគឺច្រើនជាងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតនៅថ្ងៃនោះ នេះបើយោងតាម ​​Flight Aware។ យ៉ាងណាមិញនៅពេលត្រូវបានទាក់ទងដោយ Insider ក្រុមហ៊ុន Air Canada បាននិយាយថា ខ្លួនបានដោះស្រាយជាមួយអតិថិជន “ដោយផ្ទាល់” ខណៈក្រុមហ៊ុនអាកាសចរណ៍ “កំពុងប្រឈមមុខនឹងបញ្ហាជាមួយព្រលានយន្តហោះ និងអ្នកផ្តល់សេវាភាគីទីបីនៃសេវាកម្មដូចជា ការត្រួតពិនិត្យអ្នកដំណើរ គយ និងការធ្វើដំណើរតាមផ្លូវអាកាស”៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពពី៖ reuters,thejetset,businessinsider.in