រុស្ស៊ី ពន្យារពេលអនុម័តច្បាប់រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដែលឈប់ធ្វើអាជីវកម្ម និងចាកចេញពីប្រទេសខ្លួន
អាជីវកម្ម July 13, 2022 Khmernote

កាលពីពេលកន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចេញច្បាប់ថ្មី ដែលអនុញ្ញាតឱ្យអាជ្ញាធររឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិច ដែលឈប់ធ្វើអាជីវកម្ម និងចាកចេញពីប្រទេសរុស្ស៊ី។ យ៉ាងណាមិញមកទល់ពេលនេះ ច្បាប់ថ្មីនេះ មិនទាន់ត្រូវបានអនុម័តនៅឡើយទេ ហើយក៏មិនអាចទទួលបានតាមរយៈសភាដែរ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Yahoo បានឱ្យដឹងថា មិនមានសេចក្ដីព្រាងច្បាប់រឹបអូសយកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនលោកខាងលិចត្រូវបានអនុម័តនោះឡើយ នៅក្នុងសម័យប្រជុំសភារបស់រុស្ស៊ីដែលបានបញ្ចប់កាលពីសប្ដាហ៍មុន។ ច្បាប់នេះទំនងជាត្រូវផ្អាកសិន រហូតដល់ពាក់កណ្ដាលខែកញ្ញា នៅពេលដែលសភាជាន់ទាប ឬ សភាឌូម៉ា ចាប់ផ្ដើមពិនិត្យមើលច្បាប់ដែលបានស្នើឡើងនៅក្នុងសម័យប្រជុំក្នុងរដូវស្លឹកឈើជ្រុះ។

ការពន្យារពេលនេះអាចបន្ធូរបន្ថយការព្រួយបារម្ភដែលថា ទីក្រុងមូស្គូកំពុងចាត់វិធានការកាន់តែខ្លាំងក្លាចំពោះក្រុមហ៊ុនលោកខាងលិចដែលនៅសេសសល់ ដែលត្រូវបានបង្កើនដោយការសម្រេចចិត្តរបស់ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន កាលពីខែមុន ក្នុងការដណ្តើមគ្រប់គ្រងទាំងស្រុងលើគម្រោងឧស្ម័ន និងប្រេង Sakhalin-2 ដោយក្រឹត្យ។

ទោះជាយ៉ាងណាក្ដី វាមិនច្បាស់ទេថាតើលោក ពូទីន អាចចេញក្រឹត្យទូលំទូលាយ ដើម្បីរឹបអូសទ្រព្យសម្បត្តិពីឧស្សាហកម្មផ្សេងទៀតដែរឬទេ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុននានា បាននឹងកំពុងរៀបចំអំពីរបៀបចាកចេញពីប្រទេសរុស្ស៊ី តាមរបៀបដែលកំណត់ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ កុំធ្វើឱ្យនិយោជិតប្រឈមនឹងហានិភ័យ ហើយក្នុងករណីខ្លះផ្តល់ឱកាសឱ្យត្រឡប់មកវិញនាពេលអនាគត។ ជាមួយគ្នានេះដែរ ក្រុមហ៊ុនលោកខាងលិច រួមទាំងក្រុមហ៊ុន Nike និង Cisco បានពន្លឿនការចាកចេញរបស់ពួកគេក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានការរំពឹងទុកថា ច្បាប់ថ្មីនេះជិតមកដល់៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo
រូបភាពដោយ៖ yahoo,japantimes,cyprus