Twitter បានជួលក្រុមហ៊ុនច្បាប់អាមេរិក Wachtell ,Lipton, Rosen & Katz LLP ដើម្បីប្ដឹងលោក Elon Musk និងបង្ខំឱ្យមហាសេដ្ឋីរូបនេះ បញ្ចប់ការទិញក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងតម្លៃចំនួន ៤៤ពាន់លានដុល្លារ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។
តាមប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា Twitter គ្រោងនឹងដាក់ពាក្យបណ្តឹងនៅដើមសប្តាហ៍នេះនៅ Delaware។ ទោះយ៉ាងណាក្ដី Twitter បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយក្រុមហ៊ុនច្បាប់មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ Reuters ដូចគ្នា។
គួរបញ្ជាក់ផងដែរថា លោក Elon Musk ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla កាលពីថ្ងៃសុក្រ ទី០៩ ខែកក្កដា ថ្មីៗនេះ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់គាត់ក្នុងការទិញ Twitter ដោយសារតែក្រុមហ៊ុនមិនផ្តល់ព័ត៌មានអំពីគណនីក្លែងក្លាយនៅលើវេទិកានេះ ក្រោយមកប្រធាន Twitter លោក Bret Taylor បានប្តេជ្ញាថា នឹងធ្វើការតស៊ូតាមផ្លូវច្បាប់ជាមួយ Musk៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


