ក្រុមហ៊ុន ១ ដែលបង្កើតដោយកូនខ្មែរ មានសមត្ថភាពនាំចេញសាច់ទុរេនជាង ១២០តោនទៅទីផ្សារចិនក្នុងឆ្នាំនេះ ហើយរំពឹងថាការនាំចេញនឹងកើនដល់ ៥០០តោននៅឆ្នាំក្រោយ
អាជីវកម្ម July 9, 2022 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនទុរេនក្នុងស្រុកមួយដំបូងក្នុងទឹកដីខេត្តព្រះវិហារ មានសមត្ថភាពនាំចេញសាច់ទុរេនជាង ១២០តោន ទៅកាន់ទីផ្សារប្រទេសចិនក្នុងរដូវប្រមូលផលឆ្នាំនេះ និងរំពឹងថា នឹងពង្រីកការនាំចេញទៅដល់ ៥០០តោននៅឆ្នាំខាងមុខ។

ក្រុមហ៊ុនដែលបង្កើតឡើងដោយកូនខ្មែរ និងទទួលបានជោគជ័យក្នុងការវិនិយោគលើដំណាំទុរេន នៅលើផ្ទៃដីជាង ២០០ហិកតានេះ ស្ថិតក្នុងភូមិសាស្ដ្រភូមិអូរពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ។ នាយកប្រតិបត្តិក្រុមហ៊ុនបានឱ្យដឹងថា ទុរេនដែលក្រុមហ៊ុនយើងខ្ញុំកំពុងដាំនេះ អាចនិយាយថាជាទុរេនប្រេនព្រះវិហារ រសជាតិបែបព្រះវិហារ សម្គាល់ខេត្តរបស់យើង ព្រោះយើងគិតថាប្រវត្តិសាស្ដ្ររាប់រយឆ្នាំហើយ ដែលខេត្តព្រះវិហាររបស់យើង ដែលជាប្រភេទដីស មិនដែលមានកសិដ្ឋានធំរាប់រយហិកតាដែលដាំទុរេនជោគជ័យបែបនេះទេ។

ឆ្លៀតនៅក្នុងឱកាសនេះ លោក ពឹង ទ្រីដា ក៏បានជំរុញ និងលើកទឹកចិត្តដល់ប្រជាជនខ្មែរចូលរួមគាំទ្រកសិផលក្នុងស្រុកទាំងអស់គ្នា ដែលក្រៅពីអាចជួយបង្កើនកម្រិតសេដ្ឋកិច្ចរបស់ប្រជាកសិករខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ ដោយសារតែទិន្នផលទាំងនេះត្រូវបានផលិតចេញពីស្នាដៃកូនខ្មែរពិតៗ។ ទោះបីជាផ្លែឈើក្នុងស្រុកយើងមានតម្លៃខ្ពស់ជាងរបស់នាំចូលពិតមែន ប៉ុន្តែការដាំដុះប្រកបដោយការយកចិត្តទុកដាក់ ផ្ដោតលើគុណភាព និងសុខភាពអ្នកបរិភោគ៕

ប្រភព៖ ក្រសួងព័ត៌មាន