ប្លែកខុសពីគេឯង! កសិករខ្មែរម្នាក់ ចាយទុន ៥០០ដុល្លារចាប់របរចិញ្ចឹមពស់លក់ទៅវៀតណាម ល្បីដល់សារព័ត៌មានក្រៅស្រុក
អាជីវកម្ម July 6, 2022 Khmernote

សារព័ត៌មាន The Nation កាលពីថ្ងៃទី០៥ ខែកក្កដា ម្សិលមិញនេះ បានចេញផ្សាយពីកសិករកម្ពុជាម្នាក់ ចាប់យករបរចិញ្ចឹមពស់សម្រាប់លក់ទៅឱ្យប្រទេសវៀតណាម។ លោក ម៉េង សារ៉ាត់ អាយុ ៣៤ឆ្នាំ បានឱ្យដឹងថា គាត់បានចាប់អារម្មណ៍ និងការចិញ្ចឹមពស់នេះ បន្ទាប់ពីគាត់បានបាត់បង់ការងារជាអ្នកបោសសម្អាតនៅខេត្តព្រះសីហនុដោយសារជំងឺកូវីដ-១៩ ហើយគាត់បានដឹងថា ពស់មានតម្រូវការនៅទីផ្សារវៀតណាម ជាពិសេសនៅតាមភោជនីយដ្ឋានជាមួយនឹងតម្លៃថ្លៃ ខណៈអាជីពនេះនៅស្រុកខ្មែរមិនសូវមានអ្នកចាប់អារម្មណ៍នោះទេ។

កសិករមាន​ស្រុក​កំណើត​នៅ​ភូមិ​ក្អមសំណរ ស្រុក​លើកដែក ខេត្ត​កណ្តាលរូបនេះបានលើកឡើងថា របរចិញ្ចឹមពស់នេះ គឺជារបរសំខាន់ក្នុងការចិញ្ចឹមជីវិត បន្ទាប់ពីគាត់ត្រូវបាត់បង់ការងារហើយវិលមកស្រុកកំណើតវិញ។ លោកបានបន្តថា គាត់បានចាប់ផ្ដើមចិញ្ចឹមពស់ដែលមានឈ្មោះថា “ចាន់ល្មម” ដែលជា​ប្រភេទ​ពស់​កម្រ និងមានតម្រូវការខ្ពស់ ដោយគាត់បានទៅរៀនជំនាញចិញ្ចឹមនៅប្រទេសវៀតណាម ហើយក៏សម្រេចបោះទុន ៥០០ដុល្លារ ទិញពស់ និងធ្វើអាងសម្រាប់ចិញ្ចឹម ដោយដំបូងឡើយចិញ្ចឹមពស់ចំនួន ៤០០ ក្បាល ក្នុង ១ក្បាលមានតម្លៃប្រហែល ១២០០០ រៀល​។

កសិកររូបនេះបានឱ្យដឹងទៀតថា ការចិញ្ចឹមពស់នេះមិនពិបាកនោះទេ ហើយថែមទាំងមានទីផ្សារល្អទៀត ព្រោះឈ្មួញវៀតណាមចុះមកប្រមូលទិញអស់ៗដល់កន្លែង។ ចំពោះបច្ចេកទេសចិញ្ចឹម លោក សារ៉ាត់ បានពន្យល់ថា ដំបូង​ឡើយ​លោក​បាន​សាងសង់​អាង​ឥដ្ឋ​ចំនួន​ពីរគឺ អាង​ទំហំ 4×4 ​ម៉ែត្រ​ សម្រាប់​ដាក់​សត្វ​ពស់​ដែល​អាច​លក់​បាន និង​មួយ​ទៀត 3×4​ ​ម៉ែត្រ​សម្រាប់​ចិញ្ចឹម​ពស់​ថ្មី។ បន្ទាប់ពីការពិសោធន៍មួយចំនួន គាត់បានបែងចែកជាពីរផ្នែក ដោយបន្ថែមផ្នែកមួយសម្រាប់បង្កាត់ពូជ និងមួយផ្នែកសម្រាប់កូនពស់តូចៗ។ ជាមួយគ្នានេះ អាងមានជម្រៅជាង ១ម៉ែត្រ ដោយមានដាំកំប្លោក ឬ ចកសម្រាប់ពស់ធំ ចំណែកឯអាងមួយទៀត គឺមានទឹករាក់សម្រាប់ដាក់កូនពស់ ហើយពស់ក៏ត្រូវបានបែកចែកដាក់ដោយឡែកតាមទំហំពស់ដែរ ដោយសារពស់ធំនឹងស៊ីពស់តូចៗបើដាក់ជាមួយគ្នា ហើយគាត់ត្រូវប្ដូរទឹកម្ដង ឬ ពីរដងក្នុងមួយខែ។ ចំពោះចំណីវិញ កសិកររូបនេះថា មិនចំណាយច្រើននោះឡើយ គឺគាត់ទិញត្រីតូចៗដែលអន់សាច់ ដាក់ឱ្យពស់ ដោយត្រីមួយគីឡូអាចចិញ្ចឹមពស់បាន ១០០ក្បាល ហើយ ២ ទៅ ៣ថ្ងៃទើបដាក់ឱ្យម្ដង ប៉ុន្តែចំពោះការចំណាយពេលចិញ្ចឹមវិញគឺ ប្រើពេលមួយឆ្នាំជាងទើបអាចលក់បាន។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅលោក សារ៉ាត់ បានចិញ្ចឹមពស់ ៤០០ក្បាល ហើយលក់បានប្រហែល ២០០គីឡូក្រាម ដោយចំនួននៅសល់​គឺទុក​សម្រាប់​បង្កាត់​ពូជ។ ក្នុង​ចំណោម​សាច់ ​២០០​គីឡូក្រាម​ដែល​លោក​លក់ ​ប្រហែល ​១៥០​គីឡូក្រាម​ គឺលក់ទៅ​ទីផ្សារ​វៀតណាម។

យោងតាមការរៀបរាប់របស់កសិកររូបនេះ បច្ចុប្បន្នតម្លៃទីផ្សារសម្រាប់ពស់ “ចាន់ល្មម” គឺប្រហែល ៨០,០០០រៀលក្នុងមួយគីឡូក្រាម។ ហើយបច្ចុប្បន្ន​គាត់លក់​បាន ២០០ ទៅ ៣០០ គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ ក្រៅពីទីផ្សារក្រៅប្រទេស ឥឡូវនេះលោក សារ៉ាត់ មានដៃគូរជាមួយភោជនីយដ្ឋានក្នុងស្រុកចំនួន ៤ គឺ ២ នៅភ្នំពេញ និង ២ នៅព្រះសីហនុ ហើយអតិថិជនក្នុងស្រុកបញ្ជាទិញពី ៣ ទៅ ៤ គីឡូក្រាមរៀងរាល់កន្លះខែម្ដង។ ទន្ទឹមនឹងនេះ គាត់ក៏លក់​កូន​ពស់​ទៅ​អ្នក​ដែល​មាន​ចំណាប់​អារម្មណ៍​ចិញ្ចឹម​ផងដែរ ដោយ​កូន​ពស់​មួយ​ក្បាល​តម្លៃ ១​ម៉ឺន​រៀល៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand