កសិករនៅខេត្តប៉ៃលិន ងាកមកដាំដំណាំចេកពងមាន់ កាន់តែច្រើនឡើងៗព្រោះមានទីផ្សារល្អទាំងក្នុង និងក្រៅប្រទេសជាពិសេសនាំចេញទៅប្រទេសថៃ
អាជីវកម្ម July 2, 2022 Khmernote

ចេកពងមាន់គឺជាដំណាំមួយប្រភេទ ដែលប្រជាពលរដ្ឋខេត្តប៉ៃលិននិយមចូលចិត្តដាំ ព្រមទាំងបាននិងកំពុងទទួលបានផលល្អប្រសើរ។ នៅទូទាំងខេត្តប៉ៃលិនមានប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ បានប្រកបរបរដាំចេកពងមាន់ នៅលើផ្ទៃដី ចំនួន ១០៦ ហិកតា នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ប្អូនប្រុស ធឿន ធា ប្រជាកសិកររស់នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានបញ្ជាក់ថា ៖ “ខ្ញុំបានប្រកបរបរដាំដំណាំចេកពងមាន់នេះអស់រយៈជាង១ឆ្នាំមក ហើយផលក៏បានហុចមកល្អប្រសើរដែរ។ បច្ចុប្បន្នខ្ញុំបានដាំដំណាំចេកពងមាន់នេះនៅលើផ្ទៃដី ចំនួន ១១ ហិកតាកន្លះ និងមានចេកពងមាន់ចំនួន ២៥ ០០០គុម្ព ដោយក្នុងនោះចេកពងមាន់ដែលកំពុងប្រមូលផលមានចំនួន ១ ហិកតាកន្លះ និងចេកដែលទើបនឹងដាំថ្មីចំនួន ១០ហិកតា។

ប្អូនប្រុសបានបន្តថា ជាមធ្យមក្នុងមួយហិកតាកន្លះនេះ ប្អូនប្រមូលផលចេកពងមាន់បានចន្លោះពី ៨០០ ទៅ ១ ០០០គីឡូក្រាម ហើយបើទោះជាពេលនេះតម្លៃលក់នៅទីផ្សារប្រទេសថៃបានធ្លាក់ចុះខ្លះ តែតម្លៃនៅអាចលក់ចេញបានពីប្រហែល ២ ៤០០រៀល ទៅ ៧ ២០០រៀល ក្នុងមួយគីឡូក្រាម និងលក់បានតម្លៃ ១ ១០០ រៀល សម្រាប់ទីផ្សារនៅក្នុងស្រុក”។

លោក សុទ្ធ វិសាល មន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានបញ្ជាក់ថា ប្រជាពលរដ្ឋខេត្តប៉ៃលិនដែលប្រកបរបរដាំចេក សរុបមានចំនួន ៩១ គ្រួសារ លើផ្ទៃដីសរុបចំនួន ៣៧៦ ហិកតា ក្នុងនោះចេកពងមាន់មានចំនួន ៣១ គ្រួសារ លើផ្ទៃដី ចំនួន ១០៦ ហិកតា និងចេកណាំវ៉ា ចំនួន ៦០ គ្រួសារ លើផ្ទៃដីចំនួន ២៧០ ហិកតា។ លោកបានបន្ថែមថា ដំណាំចេកនេះមានទីផ្សារល្អ ទាំងទីផ្សារក្នុងស្រុក និងការនាំចេញទៅលក់នៅក្រៅប្រទេសជាពិសេសប្រទេសថៃ ដែលរកចំណូលបន្ថែមបានគួរសមសម្រាប់ប្រជាកសិករយើង។

ក្នុងឱកាសនោះ លោក សុទ្ធ វិសាល ដែលក្នុងនាមលោកជាមន្ត្រីបច្ចេកទេស រួមជាមួយនឹងក្រុមការងារ នៃមន្ទីរកសិកម្មខេត្ត នឹងខិតខំបន្តចុះណែនាំ និងប្រឹក្សាយោបល់ពីលក្ខណៈបច្ចេកទេសពីការដាំដុះដំណាំផ្សេងៗទៅដល់ប្រជាកសិករ ជាពិសេសគឺជំរុញឱ្យបងប្អូនប្រជាកសិករគិតបន្ថែមទៀតនូវការដាំដុះដំណាំចេកនេះ ព្រោះជាដំណាំដែលងាយដាំ មិនរើសដី ដែលបង្កលក្ខណៈងាយស្រួលសម្រាប់ជាការដាំជាដំណាំបន្ទាប់បន្សំ តែផ្តល់ផលល្អប្រសើរ។

ក្រៅពីដំណាំមួយចំនួន ដូចជាសាវម៉ាវ និងទុរេនជាដើម ដំណាំចេកណាំវ៉ា និងចេកពងមាន់ បាននិងកំពុងក្លាយជាទីចាប់អារម្មណ៍របស់ប្រជាកសិករខេត្តប៉ៃលិន ដែលបានងាកមកជឿជាក់លើការដាំដំណាំនេះកាន់តែច្រើនឡើងៗ និងមានការពង្រីកការដាំដុះដំណាំចេកជារៀងរាល់ឆ្នាំផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន