Meta កាត់បន្ថយការជួលបុគ្គលិកថ្មី ខណៈមេធំ Mark Zuckerberg ព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំងក្លា
អាជីវកម្ម July 1, 2022 Khmernote

ក្រុមហ៊ុន Meta Platforms ដែលជាមេធំរបស់ Facebook បានកាត់បន្ថយផែនការជួលវិស្វករយ៉ាងហោចណាស់ ៣០%នៅឆ្នាំនេះ ខណៈនាយកប្រតិបត្តិ Mark Zuckerberg បានព្រមានបុគ្គលិកឱ្យទប់ទល់នឹងការធ្លាក់ចុះសេដ្ឋកិច្ចយ៉ាងខ្លាំង។ Mark បានប្រាប់បុគ្គលិកនៅក្នុងវគ្គ Q&A ប្រចាំសប្តាហ៍របស់បុគ្គលិក ថា បើឱ្យរូបគាត់ប៉ាន់ស្មាន គឺនេះជាការធ្លាក់ចុះដ៏អាក្រក់បំផុតមួយ ដែលយើងបានឃើញនៅក្នុងប្រវត្តិសាស្រ្តថ្មីនេះ។

មហាសេដ្ឋីរូបនេះបាននិយាយថា Meta បានកាត់បន្ថយគោលដៅរបស់ខ្លួនក្នុងការជួលវិស្វករនៅឆ្នាំ២០២២នេះ មកនៅត្រឹមប្រហែល ៦,០០០-៧,០០០នាក់ ពោលគឺធ្លាក់ចុះពីផែនការដំបូងក្នុងការជួលវិស្វករថ្មីប្រហែល ១០,០០០នាក់។ បន្ថែមពីលើការកាត់បន្ថយការជួល ក្រុមហ៊ុនក៏កំពុងដកចេញតំណែងមួយចំនួនដែលមិនបានបំពេញការងារ ដើម្បីធ្វើឱ្យការគ្រប់គ្រងកាន់តែមានប្រសិទ្ធភាព នេះមានន័យថា Mark នឹងដកដំណែងហើយបញ្ឈប់បុគ្គលិកមួយចំនួនចេញ ខណៈខ្លួនបាននិយាយថា៖ ” តាមពិតទៅមនុស្សមួយចំនួន មិនគួរធ្វើការនៅក្នុងក្រុមហ៊ុននេះទេ “។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតរបស់ពិភពលោក Meta បានបាត់បង់ប្រហែលពាក់កណ្តាលនៃតម្លៃទីផ្សាររបស់ខ្លួននៅឆ្នាំនេះ បន្ទាប់ពីក្រុមហ៊ុន Meta បានរាយការណ៍ថា អ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃនៅលើកម្មវិធី Facebook ដ៏ពេញនិយមរបស់ខ្លួនបានជួបប្រទះការធ្លាក់ចុះប្រចាំត្រីមាសជាលើកដំបូង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress