ក្រុមហ៊ុន Thai Airways ជោគជ័យលើ​ការលក់យន្តហោះ ១១គ្រឿង ដើម្បីយកប្រាក់មកស្ដារក្រុមហ៊ុន
អាជីវកម្ម June 30, 2022 Khmernote

ក្រុមហ៊ុន Thai Airways បានលក់យន្តហោះរបស់ខ្លួនចំនួន​ ១១គ្រឿង បន្ទាប់ពីរដ្ឋមន្រ្តីដឹកជញ្ជូនលោក Saksayam Chidchob បានយល់ព្រមអនុញ្ញាតឱ្យលក់។ ប្រធានស្ដីទីក្រុមហ៊ុនអាកាសចរណ៍លោក Chansin Treenuchagron ដែលជាប្រធានផែនការស្ដារនីតិសម្បទារបស់ក្រុមហ៊ុន បាននិយាយថា លោក Saksayam បានអនុញ្ញាតឱ្យក្រុមហ៊ុន​ Thai Airways លក់យន្តហោះប្រភេទ Boeing 737-400 មុននេះ ហើយថ្មីៗនេះលោកក៏អនុញ្ញាតឱ្យលក់យន្តហោះ Boeing 747-400 ចំនួន ១០គ្រឿងទៀត។

គួររម្លឹកថា ក្រុមហ៊ុនអាកាសជាតិរបស់ប្រទេសថៃមួយនេះ បានដាក់ពាក្យស្នើសុំលក់យន្តហោះចំនួន ១១គ្រឿងនេះ តាំងពីឆ្នាំ២០២១ ហើយក៏មានអ្នកចាប់អារម្មណ៍ទិញដែរ ប៉ុន្តែមិនអាចលក់បាន ឬ ផ្ទេរតាមអាជ្ញាប័ណ្ណប្រតិបត្តិការអាកាសចរណ៍ស៊ីវិលរបស់ខ្លួនបានទេ លុះត្រាតែមានការអនុញ្ញាតពីរដ្ឋមន្ត្រីទទួលបន្ទុក។ រហូតមកដល់ពេលនេះ ទើបអាចលក់បាន ដោយសារតែលោក Saksayam ទើបតែអនុម័តឱ្យលក់ដោយសារទើបតែមានឯកសារគ្រប់គ្រាន់ពីក្រុមហ៊ុន។

គួរបញ្ជាក់ថា ក្រុមហ៊ុន Thai Airways បានព្យាយាមងើបឡើងវិញពីវិបត្តិហរិញ្ញវត្ថុដោយកាត់បន្ថយការចំណាយ កែទម្រង់ស្ថាប័ន កាត់បន្ថយបុគ្គលិក ព្រមទាំងលក់ទ្រព្យសម្បត្តិបន្ទាប់បន្សំដែលមិនចាំបាច់។ ជាមួយគ្នានេះក្រុមហ៊ុន​អាកាសចរណ៍​ក៏បាន​លក់​ដី អគារ និង​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Bangkok Aviation Fuel និង Nok Air ផងដែរ។ បើតាមលោក Chansin បានបន្ថែមថា ក្រុមហ៊ុនបានលក់ទ្រព្យសម្បត្តិប្រហែល ៩ពាន់លានបាត ដើម្បីជួយដល់ការស្តារឡើងវិញរបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand