ក្រុមហ៊ុន Nike សម្រេចដើរចេញពីរុស្ស៊ីទាំងស្រុង បិទហាង និងលុបចោលកុងត្រាជាមួយនឹងក្រុមហ៊ុនហ្រ្វេនឆាយ ទាំងអស់
អាជីវកម្ម June 24, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ក្រុមហ៊ុន Nike ដែលជាយីហោដ៏ល្បីមួយលើពិភពលោក បានប្រកាសពីការចាកចេញពីប្រទេសរុស្ស៊ី។ ការចាកចេញនេះ ធ្វើឱ្យក្រុមហ៊ុន Nike បានក្លាយជាម៉ាកយីហោលោកខាងលិចចុងក្រោយគេបង្អស់ ដែលដើរចេញពីរុស្ស៊ី ចាប់តាំងពីប្រទេសនេះបានឈ្លានពានទៅលើអ៊ុយក្រែនកាលពីខែកុម្ភៈ។

សូមរម្លឹកថា ក្រុមហ៊ុនសម្លៀកបំពាក់កីឡាដ៏ធំរបស់សហរដ្ឋអាមេរិក បានបញ្ឈប់ការបញ្ជាទិញតាមអ៉ីនធឺណិត ហើយបានបិទហាងដែលខ្លួនមាននៅក្នុងប្រទេសរុស្ស៊ីកាលពីខែមីនា។ ទោះជាយ៉ាងណាក្ដីហាងដែលដំណើរការដោយដៃគូក្នុងស្រុកនៅបានបន្តដំណើរការ ប៉ុន្តែឥលូវក្រុមហ៊ុនកំពុងលុបចោលកិច្ចព្រមព្រៀងទាំងនោះ។

ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្រុមហ៊ុន Nike បានសម្រេចចិត្តចាកចេញពីទីផ្សាររុស្ស៊ី ។ អាទិភាពរបស់យើង គឺដើម្បីធានាថាយើងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បុគ្គលិករបស់យើង ខណៈពេលដែលយើងកាត់បន្ថយប្រតិបត្តិការរបស់យើងដោយការទទួលខុសត្រូវក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។”

គួរបញ្ជាក់ផងដែរថា Nike មានហាងច្រើនជាង ៥០នៅក្នុងប្រទេសរុស្ស៊ី ដែលប្រហែលមួយភាគបីត្រូវបានបិទ នេះបើយោងតាមគេហទំព័ររបស់ខ្លួន។ នៅក្នុងខែឧសភា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា ក្រុមហ៊ុនកំពុងបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Franchise ដ៏ធំបំផុតរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី ដែលទទួលខុសត្រូវលើហាងចំនួន ៣៧ ។ ជាមួយគ្នានេះ ក្រុមហ៊ុន Nike ធ្លាប់បានលាតត្រដាងថា ប្រាក់ចំណូលនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានចំនួនតិចជាង ១% នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន៕

អត្ថបទ៖ លីនី
ប្រភព៖ bbc