ថ្មីមិនចាញ់ចាស់! ហាង McDonald’s ថ្មី នៅរុស្ស៊ីល្បីខ្លាំង គ្រាន់បើកដំណើរការដំបូង លក់ប៊ឺហ្គឺអស់ដល់ទៅ ១២ម៉ឺនដុំ
អាជីវកម្ម June 23, 2022 Khmernote

ហាង McDonald’s ថ្មីនៅក្នុងប្រទេសរុស្ស៊ីដែលបានប្ដូរឈ្មោះទៅជា “Vkusno & tochka” ហាក់ដូចជាចាប់ផ្ដើមល្បីខ្លាំងមិនចាញ់យីហោចាស់ ខណៈនៅថ្ងៃបើកដំណើរការដំបូង បានលក់ប៊ឺហ្គឺអស់ដល់ទៅ ១២០,០០០ដុំ នេះបើយោងតាមការបញ្ជាក់របស់លោក Oleg Paroev នាយកប្រតិបត្តិយីហោថ្មីនេះ និងជាអតីតនាយកប្រតិបត្តិនៃ McDonald’s រុស្ស៊ី។

លោក Oleg Paroev បានប្រាប់រ៉យទ័រនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា “យើងមិនដែលឃើញប្រាក់ចំណូលប្រចាំថ្ងៃច្រើនបែបនេះទេ ចាប់តាំងពី McDonald’s បានបើកនៅក្នុងប្រទេសរុស្ស៊ីមក”។ ភោជនីយដ្ឋាន McDonald’s ដែលត្រូវបានប្តូរឈ្មោះថ្មី មានលក្ខណៈពិសេស ដោយផ្លាស់ប្តូរផ្លាកសញ្ញា ឡូហ្គោ និងឯកសណ្ឋាន នេះបើយោងតាមសារព័ត៌មាន Insider’s Mary Meisenzahl។ ចំពោះមុខម្ហូបភាគច្រើននៅលើម៉ឺនុយថ្មី នៅតែផលិតពីគ្រឿងផ្សំ និងឧបករណ៍ដែលខ្សែសង្វាក់អាហាររហ័សរបស់សហរដ្ឋអាមេរិកបានប្រើប្រាស់ ប៉ុន្តែសម្រាប់ Big Macs និង McFlurrys មិនអាចលក់បានទេ។

ជាមួយគ្នានេះដែរ លោក Paroev បានប្រាប់រ៉យទ័រថា “Vkusno & tochka” មានគោលបំណងបើកហាងចំនួន ១,០០០ នៅទូទាំងប្រទេសរុស្ស៊ីក្នុងរយៈពេល ៤ ទៅ ៥ឆ្នាំទៀត ពោលគឺកើនឡើងពី ៨៥០​នៅក្រោមម៉ាកយីហោ McDonald’s។ ទន្ទឹមនឹងនេះ គាត់ក៏ចង់បើក “Vkusno & tochka” នៅទីតាំងថ្មីដែរ ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងបញ្ហាក្នុងការស្វែងរកគ្រឿងផ្សំ និងអ្នកផ្គត់ផ្គង់ថ្មី។

គួរបញ្ជាក់ផងដែរថា McDonald’s បានចាកចេញពីទីផ្សាររុស្ស៊ីក្នុងខែឧសភា បន្ទាប់ពីបើលដំណើរការអស់រយៈពេល ៣២ឆ្នាំ នៅក្នុងប្រទេស ដោយលើកឡើងពី “វិបត្តិមនុស្សធម៌ដែលបណ្តាលមកពីសង្រ្គាមនៅអ៊ុយក្រែន និងបរិយាកាសប្រតិបត្តិការដែលមិនអាចទាយទុកជាមុនបាន” ។ ខ្សែសង្វាក់អាហាររហ័សរបស់អាមេរិក បានលក់អាជីវកម្មរុស្ស៊ីទៅឱ្យអ្នកទទួលអាជ្ញាប័ណ្ណក្នុងស្រុក និងអ្នកជំនួញ លោក Alexander Govor ហើយវាបានបើកដំណើរការឡើងវិញនៅថ្ងៃទី១២ ខែមិថុនា ក្រោមឈ្មោះថ្មី “Vkusno & tochka” ដែលបកប្រែថា “tasty and that’s it” ។ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានឱ្យដឹងថា ហាងសរុបចំនួន ១៥ បានបើកដំណើរការនៅក្នុង និងជុំវិញទីក្រុងមូស្គូ នៅថ្ងៃទី១២ ខែមិថុនា ជាមួយនឹងហាងចំនួន ៣៥ផ្សេងទៀតដែលបានបើកនៅថ្ងៃបន្ទាប់៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo