គ្មានអ្វីធំជាងការតាំងចិត្ត! Marcus Bullock ជាប់ពន្ធនាគារតាំងពីអាយុ ១៥ឆ្នាំ ច្នៃការអស់សង្ឃឹម និងបាក់ទឹកចិត្ត ចេញជាអាជីវកម្មរាប់ម៉ឺនដុល្លារនាពេលបច្ចុប្បន្ន
អាជីវកម្ម June 22, 2022 Khmernote

លោក Marcus Bullock បច្ចុប្បន្នគឺ ជាស្ថាបនិកនៃក្រុមហ៊ុន​តម្លៃរាប់ម៉ឺនដុល្លារមួយនៅអាមេរិក ដែលដំណើរការកម្មវីធីទូរស័ព្ទ និងគេហទំព័រ Flikshop។ កម្មវិធីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្ញើរូបថត និងសារទៅកាន់មនុស្សជាទីស្រឡាញ់នៅក្នុងពន្ធនាគារ ដែល Flikshop នឹងបោះពុម្ពនៅលើកាតប៉ុស្តាល់ ហើយផ្ញើដោយផ្ទាល់ទៅកាន់បុគ្គលដែលត្រូវជាប់ឃុំ។ វាមានតម្លៃត្រឹមតែ ០.៩៩ដុល្លារ (បូករួមទាំងថ្លៃផ្ញើ) ហើយត្រូវបានដឹកជញ្ជូនដោយផ្ទាល់ទៅអ្នកដែលត្រូវជាប់ឃុំ។ បច្ចុប្បន្ន Flikshop ជាក្រុមហ៊ុនមានតម្លៃរាប់ម៉ឺនដុល្លារ ដែលដឹកជញ្ជូនកាតប៉ុស្តាល់ទៅកាន់រដ្ឋទាំង៥០ ហើយបានបម្រើសេវាកម្មសម្រាប់គ្រួសារជាង ១៧០,០០០ រួចមកហើយ។

ងាកទៅមើលដំណើរដើមទងរបស់ស្ថាបនិក និងកម្មវិធី Flikshop វិញ គឺអាជីវកម្មនេះកើតចេញពីបទពិសោធន៍ជីវិតពិតរបស់ Marcus Bullock ដែលជាស្ថាបនិក ដោយនៅពេលលោកអាយុ ១៥ឆ្នាំ​ បានសម្រេចចិត្តខុសមួយគ្រា គឺចេញប្លន់រថយន្តនៅផ្សារទំនើបមួយកន្លែងហើយក៏ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់ពន្ធនាគារ ៨ឆ្នាំ។ ក្នុងអំឡុងពេលជាប់ឃុំ ២ឆ្នាំដំបូង Bullock បាក់ទឹកចិត្តយ៉ាងខ្លាំង ហើយមិនអាចទទួលយកការពិតបាន និងគិតមិនចេញថាតើគាត់អាចទ្រាំរស់នៅទីនោះនៅរយៈ ៦ឆ្នាំទៀតបានយ៉ាងម៉េចទៅ។ ប៉ុន្តែនៅថ្ងៃមួយ ម្ដាយរបស់គាត់បានមកសួរសុខទុក្ខ ហើយបានសន្យាថា នឹងសរសេរសំបុត្រព្រមទាំងផ្ញើរូបថតពីសកម្មភាពប្រចាំថ្ងៃមកឱ្យ Bullock ដើម្បីកុំឱ្យគាត់ធុញទ្រាន់នឹងជីវិតជាប់ឃុំ។ ជាលទ្ធផល អ្វីដែលម្ដាយបានធ្វើ មិនត្រឹមតែជួយកូនប្រុសនោះទេ តែថែមទាំងបំផុសគំនិតឱ្យ Bullock បង្កើតបានជាអាជីវកម្មពេលចេញពីឃុំវិញទៀត នោះគឺ Flikshop។

Flikshop បានបើកដំណើរការក្នុងឆ្នាំ២០១២ មកពីពាក្យ “fliks” ជាពាក្យដែលគាត់ និងមិត្តភក្តិរបស់គាត់ហៅថា រូបភាពនៅក្នុងពន្ធនាគារ។ ជាមួយគ្នានេះដែរ Bullock បង្កើត Flikshop​ ដោយសារតែគាត់បានសន្យាថា នឹងផ្ញើរូបភាពទៅលេងមិត្តរបស់គាត់នៅក្នុងមន្ទីរឃុំឃាំង បន្ទាប់ពីគាត់ចេញមកវិញ ហើយ Flikshop ត្រូវបានទទួលការគាំទ្រផ្នែកហិរញ្ញវត្ថុពី តារាចម្រៀងដ៏ល្បី John Legend តាមរយៈអង្គការរបស់គាត់ឈ្មោះថា #FREEAMERICA ដែលគាត់បានចាប់ផ្តើមជួយផ្លាស់ប្តូរប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌរបស់អាមេរិក៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur