ក្រុមហ៊ុន ផលិតកាហ្វេដ៏ល្បីឈរជើងលើទីផ្សារជាង ១៥០ឆ្នាំ មានបំណងមកបើករោងចក្រនៅកម្ពុជា នាពេលខាងមុខនេះ
អាជីវកម្ម June 20, 2022 Khmernote

មួយរយៈចុងក្រោយ​នេះ ឃើញថា ប្រទេសកម្ពុជាទាក់ទាញក្រុមហ៊ុនធំៗលើពិភពលោកជាច្រើនមកបោះទុន វិនិយោគបង្កើតរោងចក្រ។ ហើយថ្មីៗ នេះក្រុមហ៊ុនផលិតកាហ្វេដ៏ល្បីលើលោក ឈរជើងលើទីផ្សារអស់ជាង ១៥០ឆ្នាំ ដែលមានទីតាំងនៅនៅទីក្រុង Vevey ប្រទេសស្វីស គឺ Nestlé Switzerland បង្ហាញចំណាប់អារម្មណ៍វិនិយោគបង្កើតរោងចក្រ នៅប្រទេសកម្ពុជា នាពេលអនាគតដ៏ខ្លីខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាននាពេលថ្មីៗនេះ ក្រុមហ៊ុន Nestlé Switzerland ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្ម ធ្វើទស្សនកិច្ចនៅក្រុមហ៊ុន Nestlé Switzerland ដែលមានទីតាំងនៅទីក្រុង Vevey ប្រទេសស្វីស ដើម្បីពិភាក្សាការងារ ផ្លាស់ប្ដូរព័ត៌មាន និងស្តាប់នូវបទបង្ហាញរបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ព្រមទាំងដើម្បីស្វែងរកឱកាសវិនិយោគបន្ថែមទៀតនៅកម្ពុជា។

នាឱកាសនោះ ក្រុមហ៊ុនបានធ្វើបទបង្ហាញពីភាគីក្រុមហ៊ុនអំពីការធ្វើប្រតិបត្តការអាជីវកម្មរបស់ខ្លួនលើទីផ្សារលើពិភពលោក ក៏ដូចជាទីផ្សារកម្ពុជា ផងដែរ ហើយតាមរយៈបទបង្ហាញនោះ ទីផ្សារកម្ពុជា ក៏ជាទីផ្សារមួយដែលមានការប្រើប្រាស់ផលិតផល Nestlé ក្នុងទំហំគួរឱ្យកត់សម្គាល់ ដែលក្រុមហ៊ុនមានបំណងវិនិយោគបង្កើតរោងចក្រ នាពេលអនាគតដ៏ខ្លីខាងមុខ។

ទន្ទឹមនឹងដែរ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ក៏បានជម្រាបជូនអំពីសក្ដានុពលវិនិយោគនៅកម្ពុជា ដោយបានលើកឡើងថា ថ្មីៗនេះប្រទេសកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ (RCEP) ដែលមានប្រទេសអាស៊ាន១០ និងដៃគូមាន៖ ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវ៉ែលហ្សេឡង់ ជាពិសេសកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការងារកសាងបទដ្ឋានគតិយុទ្ធ និងធ្វើវិសោធនកម្មច្បាប់សំខាន់ៗជាច្រើន ដើម្បីធានាបាននូវបរិយាកាសធុរកិច្ច និងវិនិយោគ ប្រកបដោយសុច្ចរិតភាព និងកាន់តែល្អប្រសើបន្ថែមទៀត ជាក់ស្ដែងដូចជា៖ ច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព ផលិតផលទំនិញ និងសេវា, ច្បាប់ស្តីកិច្ចការពារ អ្នកប្រើប្រាស់, ច្បាប់ស្តីពីកិច្ចការប្រកួតប្រជែង, និងច្បាប់ស្តីសុវត្ថិភាពម្ហូបអាហារ ដែលច្បាប់ទាំងនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា៕

អត្ថបទ៖ លីនី