ស្រាវីស្គីជប៉ុនមួយដប ត្រូវបានលក់ក្នុងតម្លៃដល់ទៅ ៦០០,០០០ដុល្លារ នៅក្នុងការដេញថ្លៃមួយនៅទីក្រុងញូយ៉ក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន nhk។ ស្រាវីស្គី Yamazaki 55 ត្រូវបានផលិតដោយក្រុមហ៊ុន Suntory Spirits នឹងត្រូវបានដាក់លក់ដោយ Sotheby’s កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងទៅ ដោយតម្លៃមានចាប់ពី ១០០,០០០ ទៅ ២០០,០០០ដុល្លារខ្ពស់ជាងការរំពឹងទុក។

យ៉ាងណាមិញមូលហេតុដែលធ្វើឱ្យស្រាមួយប្រភេទនេះ អាចលក់បានដល់ទៅរាប់សែនដុល្លារ គឺ Yamazaki 55 គឺប្រភេទស្រា ដែលត្រូវបានលាយបញ្ចូលគ្នានៃស្រាវីស្គី malt ពីរោងចក្រចំរាញ់ដូចគ្នា ដែលមានអាយុកាលនៅក្នុងធុងផ្សេងៗគ្នាអស់រយៈពេលជាង ៥៥ឆ្នាំមកហើយ។ ជាមួយគ្នានេះដែរ ចំនួនផលិតក៏មានការកំណត់ និងទើបតែបានដាក់លក់ក្នុងឆ្នាំ២០២០ ក្នុងតម្លៃប្រហែល ២២,០០០ដុល្លារក្នុងមួយដប។
បើតាមគេហទំព័រ Sotheby’s បានឱ្យដឹងថា Yamazaki 55 ស្ថិតនៅ “កំពូល” នៃស្រាវីស្គីជប៉ុន មិនត្រឹមតែមានដបដ៏ចំណាស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាដបដ៏មានតម្លៃបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសផងដែរ។ គួរបញ្ជាក់ផងដែរថា តម្លៃស្រាវីស្គីជប៉ុនត្រូវបានជំរុញដោយការកើនឡើងនៃតម្រូវការសកល និងកង្វះខាតសម្ភារៈ។ ក្នុងឆ្នាំ២០១៩ ស្រាវីស្គីម៉ាក Ichiro’s Malt Card Series ចំនួន ៥៤ ដប ដែលផលិតនៅខេត្ត Saitama ត្រូវបានលក់ក្នុងការដេញថ្លៃនៅហុងកុងក្នុងតម្លៃប្រហែល ៩១០,០០០ដុល្លារ៕
អត្ថបទ៖ លីនី
ប្រភព៖ nhk