ហាង McDonald’s ដំបូងបំផុតនៅប្រទេសថៃដែលបើកតាំងពីឆ្នាំ ១៩៨៥ ប្រកាសបិទជាបណ្ដោះអាសន្ន
អាជីវកម្ម June 18, 2022 Khmernote

ហាង McDonald’s ដំបូងបំផុតដែលបើកនៅក្នុងប្រទេសថៃ បានប្រកាសបិទជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា McDonald’s សាខាទី១ ដែលមានទីតាំងនៅផ្សារទំនើប Amarin Plaza កណ្តាលទីក្រុងបាងកក នឹងត្រូវបិទទ្វាររយៈពេល ២ឆ្នាំ ដោយផ្សារទំនើបនេះត្រូវបានជួសជុលឡើងវិញ និងភ្ជាប់ជាមួយផ្សារ ១ទៀតឈ្មោះថា​ Gaysorn Village។

មុនពេលផ្អាកដំណើរការ សាខាដែលបានបើកកាលពី ៣៧ឆ្នាំមុនក្នុងឆ្នាំ១៩៨៥ កំពុងផ្ដល់នូវការកាដូពិសេសដល់អតិថិជន ជាមួយនឹងកម្មវិធីប្រកួតថតរូប និងចំណងជើង ដែលល្អបំផុត ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី២២ ខែមិថុនានេះ។ ទោះជាយ៉ាងណាក្ដី សាខារបស់​McDonald’sផ្សេងទៀតនៅក្បែរនោះ នៅតែដំណើរការជាធម្មតា។

គួរបញ្ជាក់ថា McDonald’s មានវត្តមានជាដំបូងដោយលោក Richard និង Maurice (Mac) McDonald ក្នុងឆ្នាំ១៩៤០ នៅលើផ្លូវលេខ ៦៦ ក្នុងទីក្រុង San Bernardino រដ្ឋកាលីហ្វ័រញ៉ា។ ក្រោយមកពួកគេបានលក់ក្រុមហ៊ុនរបស់ពួកគេទៅឱ្យ Ray Kroc នៅ Des Plaines រដ្ឋ Illinois ។ បច្ចុប្បន្នមាន McDonald’s មានប្រមាណ ៣៦,០០០ កន្លែងក្នុង ១១៩ ប្រទេស និងដែនដី៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand