មនុស្សជាច្រើនតែងតែទទួលបានការយកចិត្តទុកដាក់ មើលថែផ្គត់ផ្គង់ និងលើកទឹកចិត្តពីគ្រួសាររបស់ពួកគេ តាំងពីក្មេងវ័យរហូតដល់ពេញវ័យចេញធ្វើការរកស៊ីក៏នៅតែមានអ្នកចាំជួយជ្រោមជ្រែង ប៉ុន្តែសម្រាប់អ្នកស្រី Bethenny Frankel ដែលបច្ចុប្បន្នជាសេដ្ឋីប្រាក់លានបង្កើតដោយខ្លួនឯង មិនធ្លាប់ទទួលបានរឿងទាំងនេះឡើយ។
អ្នកស្រី Bethenny បានឱ្យដឹងថា គាត់មិនមានអ្នកជួយជ្រោមជ្រែង ទំនុកបម្រុងនោះឡើយ គាត់ដឹងត្រឹមថា បើសិនជាគាត់ជួបបញ្ហាពេលគាត់ចាប់ផ្ដើមកសាងអាជីពរបស់ខ្លួន នោះគាត់នឹងត្រូវដេកក្នុងឡានដ៏ចាស់ ជាមួយនឹងកញ្ចក់ដែលខូចរបស់គាត់។ តែទោះជាយ៉ាងណាក្ដី វាមិនបានកើតឡើងនោះទេ ព្រោះគាត់តស៊ូ និងខិតខំធ្វើការណាស់ រហូតអាចក្លាយជាសហគ្រិនជោគជ័យ ១រូប និងបានបង្កើត Skinnygirl Liquor ដែលគាត់បានលក់ក្នុងតម្លៃ ១០០លានដុល្លារកាលពីឆ្នាំ២០១១។ Bethenny ជឿថាជោគជ័យ គឺអាចសម្រេចបានសម្រាប់អ្នកដែលខិតខំប្រឹងប្រែងខ្លាំង ហើយគាត់ក៏បានចែករំលែកផ្នត់គំនិតសំខាន់ៗមួយចំនួនដែលបានជួយឱ្យគាត់ មានថ្ងៃនេះ៖
១.អ្នកត្រូវតែធ្វើការ៖ Bethenny ទទួលបានដំបូន្មានពីមហាសេដ្ឋី Mark Cuban ថា នាងត្រូវតែធ្វើការ ប្រសិនបើនាងមិនបានដឹងពីអាជីវកម្មអ្វីដែលនាងចង់ធ្វើ។ លោកពន្យល់ថា លោកមិនអាចប្រាប់នាងបានទេ ប្រសិនបើនាងមិនដឹងថា ខ្លួនឯងចង់ធ្វើអ្វី ប៉ុន្តែអ្វីដែលលោកអាចប្រាប់បានគឺ ថាអ្នកត្រូវតែធ្វើការ អ្នកត្រូវតែរៀន។ ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតមួយដែលអ្នកមាន គឺការរំភើបអំពីការរៀន។ ជាពិសេសជាមួយនឹងការផ្លាស់ប្តូរទាំងអស់ដែលយើងកំពុងឆ្លងកាត់នៅពេលនេះ ហើយពេលមានរឿងថ្មីមកដល់ អ្នកមិនអាចល្ងង់បានទេ ដូច្នេះបើចង់ជោគជ័យត្រូវទុកពេលវេលាដើម្បីរៀន។
២.រក្សាភាពក្លៀវក្លា៖ ត្រង់ចំណុចនេះ Bethenny បានលើកយកធាតុផ្សំដ៏សម្ងាត់មួយរបស់ ផលិតករទូរទស្សន៍ និងជាពិធីករ Andy Cohen ដើម្បីជោគជ័យនោះ គឺបង្ហាញពីភាពរីករាយ។ ក្ដីសុបិន្តរបស់ Andy គឺចង់ក្លាយជាអ្នកអានព័ត៌មានតាមទូរទស្សន៍ ហើយគាត់បានតស៊ូរហូតដល់គាត់អាចសម្រេចវាបាន ទោះពេលចាប់ផ្ដើមដំបូងគាត់ត្រូវធ្វើការ ៧០ម៉ោងក្នុងមួយសប្ដាហ៍ក៏គាត់មិនខ្វល់ដែរ ហើយគាត់គិតថាវាអស្ចារ្យណាស់។ ជាមួយគ្នានេះ លោកតែងតែនិយាយទៅកាន់មនុស្សជាច្រើនថា៖ “ប្រសិនបើអ្នកស្រលាញ់អ្វីមួយ អ្នកគួរតែអាចជោគជ័យបាន ព្រោះចំណង់ចំណូលចិត្តនឹងជំរុញអ្នក”។
៣.គ្មាននរណាម្នាក់នឹងផ្តល់ឱ្យអ្នកនូវអ្វីដោយឥតគិតថ្លៃនោះទេ៖៖ កុំធ្វើជាមនុស្សដែលចង់បានអ្វីដែលអស្ចារ្យ ដោយមិនមែនចេញពីសមត្ថភាពរបស់ខ្លួន ព្រោះលើលោកនេះគ្មានអ្វីដែលបានមកហ្រ្វីៗនោះទេ ហើយក៏មិនមានអ្នកណាម្នាក់មកខិតខំធ្វើការហើយឱ្យជ័យជំនះមកយើងស្រួលៗស្រាប់ៗដែរ។ ដូច្នេះត្រូវប្រឹងជំនះ និងខំប្រឹងសម្រេចយកអ្វីដែលខ្លួនចង់បាន ចង់ធ្វើ នោះទើបជាការប្រសើរ។
៤.កុំខ្មាស់អៀនក្នុងការរកជំនួយ៖ ជាការពិតណាស់ ការងារខ្លះយើងមិនអាចសម្រេចបានដោយខ្លួនឯងនោះទេ គឺយើងត្រូវការគំនិត ឬ ការគាំទ្រពីអ្នកនៅជុំវិញខ្លួនដែរ។ ជាក់ស្ដែងដូចអ្នកស្រី Bethenny អ៉ីចឹង គាត់ថាគាត់មិនមានភាពខ្មាស់អៀនក្នុងការស្វែងរកអ្នកជំនាញ សួរសំណួរ និងប្រាប់ពីគំនិតរបស់គាត់ទៅមនុស្សដែលត្រឹមត្រូវនោះទេ។ ដូចកាលពីឆ្នាំមុន នៅពេលដែលអ្នកស្រីកំពុងធ្វើការលើអាជីវកម្ម BethennyBakes អ្នកស្រីនឹងមើលកម្មវិធី Food Network ហើយរង់ចាំមើលពីក្រេឌីតកម្មវិធីនៅពេលចុងបញ្ជប់។ ក្រោយមកអ្នកស្រីបានសរសេរឈ្មោះក្រុមហ៊ុនផលិតនិងផលិតករ រួចព្យាយាមស្វែងរកព័ត៌មានទំនាក់ទំនងរបស់ពួកគេ។ ជាមួយគ្នានេះដែរ អ្នកស្រីបានដុត នំខូឃី ខ្ចប់វា ហើយផ្ញើវាទៅអ្នកផលិត និងនាយកប្រតិបត្តិនៅការិយាល័យរបស់ពួកគេ រួមជាមួយនឹងកំណត់ត្រាសរសេរដោយដៃ។ មូលហេតុដែលលោកស្រីធ្វើបែបនេះ គឺជាគន្លឹះក្នុងការបង្កើតទំនាក់ទំនងសំខាន់ៗតាមរបៀបដែលគាត់បានធ្វើបាន។
៥.ឱ្យការងាររបស់អ្នក បង្ហាញពីខ្លួនអ្នកវិញ៖ នៅពេលមានគេសួរថា ហេតុអ្វីខ្លួនជាស្រីតែបែរជាធ្វើអាជីវកម្មដែលភាគច្រើនគ្រប់គ្រងដោយបុរស។ អ្នកស្រី Bethenny បានឆ្លើយថា ខ្ញុំមិនមើលពិភពលោកតាមរបៀបនេះទេ ខ្ញុំគិត ខ្ញុំផ្ដោតតែលើភាពរឹងមាំ និងការជំរុញឱ្យអាចឆ្លងកាត់ឧបសគ្គ ដើម្បីសម្រេចគោលដៅបានតែប៉ុណ្ណោះ។ ជាការពិតណាស់ នៅពេលដែលយើងធ្វើអ្វីដែលប្លែក និងអ្វីដែលអ្នកដទៃមិនធ្វើ ឬ នឹកស្មានមិនដល់ ហើយអ្នកទទួលបានជោគជ័យ វានឹងបង្ហាញទៅពួកគេថា អ្នកជាមនុស្សបែបណា អស្ចារ្យកម្រិតណា ហើយគួរឱ្យកោតសរសើរយ៉ាងណា៕


អត្ថបទ៖ លីនី
ប្រភព៖ cnbc


