ខឹងគេមើលងាយថាក្រ យុវតីចិត្តខ្លាំងបបួលមិត្តភក្កិចេញរកស៊ី ដោយមានទុនតែ ៧០០ដុល្លារ ឥលូវក្លាយជាថៅកែក្រុមហ៊ុនគ្រឿងសមុទ្រតម្លៃរាប់លានដុល្លារ
បុគ្គលជោគជ័យ May 27, 2022 Khmernote

Utari Octavianty គឺជាកូនអ្នកនេសាទ មានស្រុកកំណើតនៅ Kampung Bahru ដែលជាភូមិនេសាទដាច់ស្រយាលនៅភាគខាងកើតកោះ Kalimantan ប្រទេសឥណ្ឌូនេស៊ី ដែលមនុស្សជាច្រើនមិនមានលទ្ធភាពទទួលបានការអប់រំ។ បច្ចុប្បន្ននាងជាម្ចាស់គេហទំព័រមួយដែលជួយបំពេញតម្រូវការអាហារសមុទ្ររបស់អ្នកប្រើប្រាស់ និងភ្ជាប់ពួកវាជាមួយអ្នកនេសាទ ដែលមានតម្លៃរាប់លានដុល្លារនៅក្នុងប្រទេសឥណ្ឌូនេស៊ី។

ទម្រាំទទួលបានជោគជ័យមកទល់សព្វថ្ងៃ នាងបានរៀបរាប់ប្រាប់ CNBC Make It ថា៖ “ខ្ញុំត្រូវបានគេធ្វើបាបដោយសារតែខ្ញុំមកពីភូមិនេសាទ ខ្ញុំមិនដូចមនុស្សដែលមានការអប់រំល្អនោះទេ ហើយមានការលំបាកផ្នែកហិរញ្ញវត្ថុទៀត”។ បើទោះបីជានាងបានទៅសាលារៀន តែនាងត្រូវបានមិត្តរួមថ្នាក់រើសអើងណាស់។ បទពិសោធន៍ជីវិតទាំងនេះហើយបានដុតភ្លើងនៅក្នុងខ្លួននាង ហើយធ្វើឱ្យនាងតាំងចិត្តយ៉ាងមុតមាំថា នាងនឹងធ្វើឱ្យភូមិរបស់នាងត្រូវបានគេស្គាល់ថា ជាភូមិដែលមានសក្ដានុពលបំផុត មិនមែនជាភូមិក្រីក្រនោះទេ។

ជាមួយភាពឈឺចាប់ និងការតាំងចិត្តខ្ពស់ ពាក្យមើលងាយមិនអាចបំបាក់នាងបានឡើយ មានតែជម្រុញទឹកចិត្តនាងពីមួយថ្ងៃទៅមួយថ្ងៃ ជាលទ្ធផលនៅក្នុងឆ្នាំ​២០១៥ នាងបានចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនជាមួយមិត្តរួមថ្នាក់ ២នាក់គឺ Farid Naufal Aslam និង Indraka Fadhlillah នៅពេលនាងជានិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឆ្នាំចុងក្រោយនៅទីក្រុង Bandung។ ដោយសារចំណង់ចំណូលចិត្តលើអាហារសមុទ្រ និងមានចិត្តចង់ជួយអ្នកភូមិ Octavianty បានបង្កើតគេហទំព័រមួយដោយដាក់ឈ្មោះថា Aruna ផ្ដោតលើអាជីវកម្មនេសាទតាមប្រព័ន្ធអេឡិចត្រូនិករបស់ឥណ្ឌូនេស៊ី ដែលធ្វើការជាអ្នកប្រមូលផ្តុំខ្សែសង្វាក់ផ្គត់ផ្គង់ពីដើមដល់ចប់ និងផ្តល់ឱ្យអ្នកនេសាទអាចចូលទៅកាន់បណ្តាញសកលបាន។

ដំបូងឡើយដើម្បីបានទុនបើកដំណើរការគេហទំព័រ ពួកគេនាំគ្នាទៅប្រកួតក្នុងកម្មវិធី “Hackathon Merdeka” នឹងកម្មវិធីមួយផ្សេងទៀត។ ក្រោយមកពួកគេបានឈ្នះ MacBook ពីរគ្រឿង និងលុយចំនួន ៧០០ដុល្លារពីកម្មវិធីទាំងនោះហើយក៏បានចាប់ផ្ដើមដំណើរបង្កើតគេទំព័រតែម្ដង។ យ៉ាងណាមិញ​ ការឈ្នះរង្វាន់បានជាទុនបង្កើតគេហទំព័រនេះ មិនមែនជារឿងភ្ញាក់ផ្អើលសម្រាប់ពួកគេទេ អ្វីដែលភ្ញាក់ផ្អើលគឺគ្រាន់តែដាក់ដំណើរការភ្លាម ពួកគេទទួលបានការកម្ម៉ង់អាហារសមុទ្រចំនួន ១០០០តោនពីអតិថិជន ពីភោជនីយដ្ឋាន និងក្រុមហ៊ុននាំចូលនៅខាងក្រៅប្រទេសឥណ្ឌូនេស៊ីដែលត្រូវការការផ្គត់ផ្គង់គ្រឿងសមុទ្រជាបន្តបន្ទាប់។

ជាមួយគ្នានេះដែរ Octavianty បាននិយាយថា ក្រុមហ៊ុនរបស់នាងនាំចេញអាហារសមុទ្រចំនួន ៤៤ លានគីឡូ ក្រាម ទៅកាន់ប្រទេសចំនួន ៧ កាលពីឆ្នាំមុន ដែលភាគច្រើននាំទៅកាន់សហរដ្ឋអាមេរិក និងប្រទេសចិន ហើយនាងបានបន្ថែមទៀតថា៖ “យើងបានជួយអ្នកនេសាទឲ្យបង្កើនប្រាក់ចំណូលរបស់ពួកគេច្រើនជាងពីរទៅបីដងបើធៀបនឹងមុនពេលពួកគេចូលរួមជាមួយក្រុមហ៊ុន Aruna “។

ដោយសារមានតម្រូវការច្រើនជាហូរហែ រហូតមកដល់បច្ចុប្បន្ន នាងបានរៃអង្គាសប្រាក់បានចំនួន ៦៥លានដុល្លារពីអ្នកធ្វើជំនួញ ដែលនេះ គឺជាចំនួនធំបំផុតសម្រាប់ក្រុមហ៊ុនដែលទើបចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ជាមួយគ្នានេះដែរ ឥឡូវអ្នកនេសាទជាង ២៦,០០០នាក់នៅទូទាំងសហគមន៍នេសាទចំនួន ១៥០ក្នុងប្រទេសឥណ្ឌូនេស៊ីក៏បានប្រើប្រាស់ Aruna៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc