អ្នកជីកត្បូងម្នាក់ ក្លាយជាសេដ្ឋីប្រាក់លានភ្លាមៗ ក្រោយលក់ត្បូងថ្ម ២ដុំ ហើយថានឹងយកលុយលក់បានទៅសង់សាលារៀន និងផ្សារទំនើបសម្រាប់ក្មេងៗក្នុងសហគមន៍
បុគ្គលជោគជ័យ May 24, 2022 Khmernote

ត្រឹមពេលតែមួយយប់អ្នកជីករករ៉ែជនជាតិ​តង់ហ្សានី ម្នាក់បានក្លាយជាមហាសេដ្ឋីប្រាក់លាន ដោយសារលក់ត្បូងថ្មឈ្មោះថា Tanzanite ដែលមានទំហំធំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសតង់ហ្សានី ក្នុងតម្លៃ ៣.៤ លានដុល្លារ នេះបើយោងតាមរបាយការណ៍ការប្រព័ន្ធផ្សព្វផ្សាយជាច្រើន។

បើតាម BBC បានរាយការណ៍ថា ត្បូងថ្មទាំងពីរនោះ មួយមានទម្ងន់ ៩.២គីឡូក្រាម និងមួយទៀតទម្ងន់ ៥.៨គីឡូក្រាម ដោយបានជីកយកមកកាលពីសប្តាហ៍មុន ហើយបានលក់វាកាលពីថ្ងៃពុធនៅឯព្រឹត្តិការណ៍ពាណិជ្ជកម្មមួយក្នុងតំបន់ Manyara ។ លោក Laizer ដែលត្រូវបានគេរាយការណ៍ថាជាឪពុកដែលមានកូនជាង ៣០នាក់បានប្រាប់ BBC ថា គាត់គ្រោងនឹងប្រើប្រាស់ប្រាក់នេះ ដើម្បីសាងសង់ផ្សារទំនើប និងសាលារៀននៅក្នុងសហគមន៍របស់គាត់នៅ Simanjiro ស្រុក Manyara។

អ្នកជីករ៉ែខ្នាតតូចរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ “ខ្ញុំចង់សាងសង់សាលារៀននៅជិតផ្ទះរបស់ខ្ញុំ។ មាន​អ្នក​ក្រ​ជា​ច្រើន​នៅ​ជុំវិញ​ទី​នេះ​ ដែល​មិន​មាន​លទ្ធភាព​យក​កូន​ទៅ​សាលា”។ គាត់​បាន​បន្ថែម​ថា​៖ “ខ្ញុំ​មិន​មាន​ការ​អប់រំ​ទេ ប៉ុន្តែ​ខ្ញុំ​ចូលចិត្ត​អ្វីៗ​ដែល​ដំណើរការ​ក្នុង​លក្ខណៈ​វិជ្ជាជីវៈ​ ដូច្នេះ​ខ្ញុំ​ចង់​ឲ្យ​កូនៗ​របស់​ខ្ញុំ​បើក​អាជីវកម្ម​ប្រកប​ដោយ​វិជ្ជាជីវៈ”។ យ៉ាងណាមិញ ថ្វីបើមានទ្រព្យសម្បត្តិដល់ទៅរាប់លានដុល្លារក្នុងដៃក៏ដោយ លោក Laizer បាននិយាយថា គាត់នឹងបន្តមើលហ្វូងគោរបស់គាត់ចំនួន ២,០០០ក្បាលដដែល មិនដេកចាយទ្រព្យថ្មីនេះឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc