ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថា មហាសេដ្ឋីពាន់លានជាច្រើននៅអាមេរិកងាកមកវិនិយោគលើដីស្រែចម្ការ ជាក់ស្ដែងដូចជា មហាសេដ្ឋី Bill Gates ត្រូវបានគេបង្ហើបឱ្យដឹងថា គាត់គឺជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ហើយថ្មីៗនេះដែរ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ និងលោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon កំពុងបោះទុនយ៉ាងច្រើនទិញដីស្រែចម្ការ។
ជាមួយគ្នានេះដែរសារព័ត៌មាន yahoo ក៏បានទម្លាយពីមូលហេតុដែលធ្វើឱ្យមហាសេដ្ឋីលំដាប់ពិភពលោកទាំង ២នេះ ជ្រើសរើសការវិនិយោគនៅលើដីចម្ការ ព្រោះដីស្រែចម្ការជាទ្រព្យសកម្មដែលស្ថិតស្ថេរមិនដូចភាគហ៊ុនដែលមានឡើងមានចុះជាពិសេសនៅពេលដែលមានវបិត្តសេដ្ឋកិច្ច។ មួយវិញទៀត ម្ចាស់ដីអាចរកចំណូលពីការដាក់ជួលដីឱ្យគេ ឬ ជួលគេឱ្យធ្វើកសិកម្ម។ ពិសេសទៅទៀតនោះ ខណៈពេលបច្ចុប្បន្នដែលពិភពលោក កំពុងជួបប្រទះបញ្ហាសង្វាក់ផ្គត់ផ្គង់អាហារទូទាំងពិភពលោកដោយសារសង្រ្គាម ម្ចាស់ដីកសិកម្មទទួលបានអត្ថបទប្រយោជន៍យ៉ាងច្រើនពីបញ្ហានេះ។
គួរបញ្ជាក់ថា Bill និង Melinda Gates មុនពេលលែងលះគ្នា បានទិញដីស្រែចម្ការប្រហែល ២៧០,០០០ ហិកតាក្នុងរយៈពេលតិចជាងមួយទសវត្សរ៍។ ទន្ទឹមនឹងនោះលោក Jeff Bezos ក៏បានទិញដីស្រែចម្ការចំនួន ៤២០,០០០ហិកតា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែរ។ ហើយយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងកសិកម្មសហរដ្ឋអាមេរិក ប្រហែល ៨០% នៃដីស្រែដែលដាក់ជួលត្រូវបានគ្រប់គ្រងដោយអ្នកវិនិយោគ ដែលពួកគេមិនធ្វើកសិកម្មដោយខ្លួនឯងទេ៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


