បិតាវិនិយោគ Warren Buffett ថាមិនវិនិយោគលើ bitcoin ទេ ទោះគេលក់ bitcoin ទាំងអស់នៅលើលោកឱ្យក្នុងតម្លៃ ២៥ដុល្លារក៏មិនទិញដែរ
បុគ្គលជោគជ័យ May 2, 2022 Khmernote

កាលពីពេលកន្លងទៅនេះ មហាសេដ្ឋី Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft បានលើកឡើងថា គាត់មិនវិនិយោគលើ bitcoin ដូចមហាសេដ្ឋី និងបុគ្គល្បីៗនោះឡើយ ហើយថែមទាំងប្រាប់ឱ្យអ្នកដែលចង់ចូលវិនិយោគលើវិស័យឌីជីថលថ្មីនេះមានការប្រុងប្រយ័ត្នទៀតផង។ យ៉ាងណាមិញ មកទល់ពេលនេះ មិនមែនមានតែគាត់មួយនោះទេ សូម្បីតែបិតាវិនិយោគ Warren Buffett ក៏បាននិយាយដែរថា គាត់មិនវិនិយោគលើ bitcoin ឡើយ។

ក្នុងអំឡុងពេលកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ Berkshire Hathaway កាលពីថ្ងៃសៅរ៍ មហាសេដ្ឋី Warren Buffett បានរិះគន់ទៅលើ bitcoin និងឧស្សាហកម្មរូបិយប័ណ្ណគ្រីបតូ យ៉ាងខ្លាំង ហើយបានលើកឡើងថា៖ “ទោះ bitcoin លើលោកទាំងអស់ លក់ឱ្យគាត់ក្នុងតម្លៃតែ ២៥ដុល្លារ ក៏គាត់មិនទិញដែរ”។

មហាសេដ្ឋីរូបនេះបានបន្ថែមទៀតថា៖ ” គាត់សុខចិត្តចំណាយលុយទិញផ្ទះល្វែង ឬ ទិញដីស្រែចម្ការ ជាជាងចំណាយលុយទិញ bitcoin ព្រោះវាមិនមានតម្លៃអ្វីសោះ ហើយវាក៏មិនអាចផលិតអ្វីបានទាល់តែសោះ”។ គួរឱ្យដឹងថា លោក Warren Buffett គឺកំពូលវិនិយោគិនដែលនរណាៗ ក៏ស្គាល់ជាពិសេសសហគ្រិននៅក្នុងពិភពជំនួញណាក៏កោតខ្លាច សរសើរ និងរៀនសូត្រតាមបិតាវិនិយោគនេះដែរ។ គាត់ត្រូវបានគេស្គាល់ក្នុងនាមជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway ដែលគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយក៏ជាវិនិយោគគិនម្នាក់ដែលតែងទទួលបានជោគជ័យរាល់ការវិនិយោគនានា ជាពិសេសការវិនិយោគលើភាគហ៊ុន៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo