យោងតាមការចុះផ្សាយរបស់សារព័ត៌មាន yahoo បានឱ្យដឹងថា មហាសេដ្ឋីទី២ លើពិភពលោក Jeff Bezos បានបាត់បង់ទ្រព្យសម្បត្តិចំនួន ២០.៥ពាន់លានដុល្លារ ក្នុងរយៈ ២៤ម៉ោង។ ការបាត់បង់ទ្រព្យដ៏ច្រើនសម្បើមនេះ គឺបណ្ដាលមកពីការធ្លាក់ចុះភាគហ៊ុននៅក្នុងការជួញដូរ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។
ក្រុមហ៊ុន Amazon បាននិយាយនៅថ្ងៃទី២៨ ខែមេសា ថា ខ្លួនបានកត់ត្រាការខាតបង់ចំនួន ៣.៨ ពាន់លានដុល្លារក្នុងអំឡុងត្រីមាសមុន ឬស្មើនឹង ៧.៥៦ ដុល្លារក្នុងមួយហ៊ុន ធៀបនឹងប្រាក់ចំណេញ ៨.១ ពាន់លានដុល្លារកាលពីឆ្នាំមុន ឬប្រាក់ចំណេញ ១៥.៧៩ ដុល្លារក្នុងមួយហ៊ុន។
ជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Amazon បានធ្លាក់ចុះ ១៤.០៥% មកនៅត្រឹម ២,៤៨៥.៦៣ នៅថ្ងៃទី២៩ ខែមេសា ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០០៦។ ក្នុងនោះប្រហែល ២០៦ ពាន់លានដុល្លារនៅក្នុងទីផ្សារបានត្រូវបានបាត់បង់ក្នុងរយៈពេល ២៤ម៉ោង។
ទោះជាយ៉ាងណាក៏ដោយ លោក Jeff Bezos នៅតែមានទ្រព្យសម្បត្តិសុទ្ធ 148 ពាន់លានដុល្លារគិតត្រឹមថ្ងៃទី 30 ខែមេសា នេះបើយោងតាម Bloomberg Billionaire Index។ ប៉ុន្តែចំណាត់ថ្នាក់ ជាអ្នកមានបំផុតលំដាប់ទី២ របស់គាត់កំពុងត្រូវបានរង្គោះរង្គើដោយអាចនឹងត្រូវបានជំនួសដោយមហាសេដ្ឋីជនជាតិបារាំង Bernard Arnault ដែលជានាយកប្រតិបត្តិនៃក្រុមប្រណីត LVMH៕


អត្ថបទ៖ លីនី
ប្រភព៖ yahoo


