បិតាវិនិយោគ Warren Buffett ប្រាប់ពី​កំហុសធំមួយ ដែលឪពុកម្តាយធ្វើនៅពេលបង្រៀនកូនៗ អំពីលុយកាក់
បុគ្គលជោគជ័យ April 25, 2022 Khmernote

ប្រសិនបើយើងនិយាយដល់បុគ្គលដែលពូកែ និងយល់ច្បាស់ពីរបៀបក្នុងការណែនាំកូនៗរបស់ពួកគេដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ គឺមហាសេដ្ឋី Warren Buffett។ រូបគាត់ ត្រូវបានគេស្គាល់ថាជាបុរសដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោកលំដាប់ទី ៣។ មុនពេលដែលលោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោកបានចាប់ផ្ដើមពីការធ្វើអាជីវកម្ម ខ្នាតតូចមួយ ដោយនៅក្នុងវ័យ ៦ឆ្នាំលោកបានទិញកូកាកូឡា ៦យួរក្នុងតម្លៃ ២៥សេន ហើយបានលក់រាយជាមួយកំប៉ុងវិញ មិនតែប៉ុណ្ណោះគាត់ក៏បានលក់ទស្សនាវត្តី និងស្ករកៅស៊ូនៅតាមផ្ទះផងដែរ។

លោក Warren Buffett ចាត់ទុកថា ឪពុករបស់គាត់ គឺជាអ្នកជំរុញទឹកចិត្តដ៏អស្ចារ្យ ដោយអ្វីដែលគាត់បានរៀនតាំងពីក្មេងមក គឺត្រូវមានទម្លាប់ត្រឹមត្រូវ ហើយការសន្សំលុយ គឺជាមេរៀនសំខាន់បំផុតដែលឪពុករបស់គាត់បានបង្រៀន ដែលអាចធ្វើឲ្យគាត់មានដូចសព្វថ្ងៃ និងធ្វើជាគំរូក្នុងការណែនាំកូនៗរបស់គាត់។ ដូច្នេះហើយទើបមហាសេដ្ឋីរូបនេះបានយល់ឃើញថា កំហុសតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបដែលធ្វើខុសនៅពេលបង្រៀនកូនៗរបស់ពួកគេអំពីលុយ គឺការមិនបង្រៀនពីរបៀបក្នុងការសន្សំ ឬទុកដាក់លុយនៅពេលដែលកូនៗរបស់ពួកគេពេលនៅតូច ដោយរង់ចាំរហូតដល់ពួកគេស្ថិតក្នុងវ័យជំទង់ទើបធ្វើការណែនាំ និងប្រាប់ពីរបៀបក្នុងការទុកដាក់លុយកាក់ តែវាអាចនឹងហួសពេលទៅហើយ ព្រោះពួកគេអាចនឹងមានទម្លាប់អាក្រក់ក្នុងការចាយវាយណាមួយតាំងពីតូចរួចទៅហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc