មូលហេតុដែលមហាសេដ្ឋី Elon Musk អ្នកមានជាងគេលើលោក តែមិនមានសូម្បីផ្ទះនៅផ្ទាល់ខ្លួន មានតែយន្តហោះមួយគ្រឿងទុកសម្រាប់ធ្វើដំណើរ
បុគ្គលជោគជ័យ April 23, 2022 Khmernote

បើនិយាយពីមហាសេដ្ឋី យើងគ្រប់គ្នាប្រាកដជាដឹងហើយថា មហាសេដ្ឋីជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ មិនខ្វះចាយ ការរស់នៅ និងសម្ភារៈប្រើប្រាស់សុទ្ធតែល្អប្រណិត ហើយជាពិសេសនោះគឺមាន​ផ្ទះធំៗ សឹងតែដូចទៅនឹងវិមានទៅហើយ។ ប៉ុន្តែសម្រាប់មហាសេដ្ឋីដ៏ល្បីល្បាញ និងជាអ្នកមានជាងគេលើពិភពលោក Elon Musk បែរជានិយាយថា គាត់មិនមានផ្ទះសម្រាប់រស់នៅទៅវិញ។

នៅក្នុងបទសម្ភាសន៍លើវេទិកាដ៏ល្បី មហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៧០ពាន់លានដុល្លារ បានសារភាពថា៖ “គាត់មិនមានផ្ទះផ្ទាល់ខ្លួនឡើយ ហើយប្រសិនបើគាត់ធ្វើដំណើរទៅកាន់ Bay Area ដែលជាកន្លែងវិស្វកម្ម Tesla ភាគច្រើនគាត់ស្នាក់នៅផ្ទះរបស់មិត្តភក្តិ”​។

ក្រៅពីនេះលោកបានបន្ថែមថា មិនត្រឹមតែមិនមានផ្ទះ លោកក៏មិនមានកាប៉ាល់ ឬនាវាកម្សាន្តផ្ទាល់ខ្លួនឡើយ តែលោកមានយន្តហោះផ្ទាល់ខ្លួនទុកសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះប្រសិនបើលោកមិនប្រើយន្តហោះទេ លោកនឹងមិនមានពេលធ្វើការងារច្រើនឡើយ។ គួររម្លឹកថា កាលពីខែឧសភា ឆ្នាំ២០២០ Musk បានសរសេរនៅលើ Twitter ថា គាត់បានលក់ទ្រព្យសម្បត្តិស្ទើរតែទាំងអស់ សូម្បីតែផ្ទះនៅផ្ទាល់ខ្លួន ហើយមកជួលផ្ទះគេនៅវិញ។ ជាមួយគ្នានេះនៅពេលគេ សួរពីរឿងទ្រព្យសម្បត្តិដ៏ស្តុកស្តម្ភ និងការលក់ទ្រព្យខ្ទេចគ្មានសល់ Musk បាននិយាយដូច្នេះថា៖ “គាត់មើលឃើញពីគុណវិបត្តិទៅលើរបស់អស់ទាំងនោះ ហើយគាត់ក៏មិនចំណាយប្រាក់រាប់ពាន់លានរបស់គាត់សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួននោះដែរ”៕

អត្ថបទ៖ លីនី
ប្រភព៖ gulftoday,yahoo