ឡើងជាកំពូលម្ចាស់ភាគហ៊ុន Twitter ភ្លាម មហាសេដ្ឋី Elon Musk ចង់ផ្លាស់ប្ដូរអាគាររបស់ក្រុមហ៊ុនទៅជាជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង
បុគ្គលជោគជ័យ April 11, 2022 Khmernote

មហាសេដ្ឋីពីររូបក្នុងចំណោមអ្នកមានបំផុតរបស់ពិភពលោកកំពុងបង្កើតគំនិតដើម្បីដោះស្រាយបញ្ហានៃភាពគ្មានផ្ទះសម្បែង ដោយស្នើឱ្យ Twitter ប្ដូរទីស្នាក់ការកណ្ដាលរបស់ខ្លួនទៅជាផ្ទះសម្រាប់អ្នកគ្មានផ្ទះសម្បែង។ ស្ថាបនិក Amazon លោក Jeff Bezos កាលពីថ្ងៃអាទិត្យបានគាំទ្រគំនិតមួយដែលបានចេញដោយលោក Elon Musk ដែលទើបតែក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ ​Twitter ដើម្បីបំប្លែងទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមមួយនេះនៅ San Francisco ទៅជាជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង ខណៈដែលមានមនុស្សតិចតួចកំពុងធ្វើការនៅទីនោះអំឡុងពេលជំងឺរាតត្បាត។

លោក Bezos បានស្នើឱ្យផ្លាស់ប្តូរយ៉ាងហោចណាស់ផ្នែកមួយនៃទីស្នាក់ការកណ្តាលរបស់ Twitter ប្រសិនបើមិនអាចផ្លាស់ប្ដូរទាំងអស់ទៅជាជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែង ខណៈ Musk បានយល់ព្រមនៅក្នុង tweet មួយទៀតដោយហៅវាថាជា “គំនិតដ៏អស្ចារ្យ” ។ ជាមួយគ្នានេះ មហាសេដ្ឋី Elon Musk ដែលមានអ្នកតាមដានច្រើនជាង ៨១លាននាក់នៅលើ Twitter បានចាប់ផ្តើមការស្ទង់មតិកាលពីថ្ងៃសៅរ៍ដោយសុំឱ្យអ្នកប្រើប្រាស់បោះឆ្នោតថា តើអគារនេះគួរត្រូវបានបំប្លែង ឬយ៉ាងណា? ការស្ទង់មតិទទួលបានសម្លេងឆ្នោតជាងមួយលានក្នុងរយៈពេលតិចជាងមួយថ្ងៃ ដោយច្រើនជាង ៩០ភាគរយនិយាយថា គាំទ្រ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ដែលជាញឹកញាប់ tweet អំពីក្រុមហ៊ុនរបស់គាត់ និងប្រធានបទផ្សេងទៀត ត្រូវបានគេដឹងថា ធ្វើឱ្យមនុស្សយល់ច្រលំថាគាត់និយាយលេង។ ប៉ុន្តែទោះ​ជា​យ៉ាង​ណា Musk បាន​បញ្ជាក់​ថា ​លើក​នេះ​គាត់​មិន​មែន​លេង​សើច​ទេ គាត់​បាន​បង្ហោះ​សារ​តាម​ដាន​លើ​ប្រធាន​បទ​នេះ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​៖ «ខ្ញុំ​ពិត​ជាសង្កត់ធ្ងន់ចំពោះ​រឿង​នេះ​ណាស់»។ លើសពីនេះ ក្រៅពីស្នើឱ្យបំលែងអាគារ Musk ក៏បានស្នើឱ្យមានការផ្លាស់ប្តូរចំពោះសេវាកម្មជាវប្រចាំ Twitter Blue premium កាលពីថ្ងៃសៅរ៍ រួមទាំងការកាត់បន្ថយតម្លៃរបស់វា ហាមប្រាមការផ្សាយពាណិជ្ជកម្ម និងផ្តល់ជម្រើសក្នុងការទូទាត់ជា cryptocurrency dogecoin៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia