រដ្ឋាភិបាលសហរដ្ឋអាមេរិបានដាក់ទណ្ឌកម្មកូនស្រីរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចំនួន ២នាក់កាលពីថ្ងៃពុធ កន្លងទៅនេះ ហើយបន្ថែមវិធានការសំដៅដាក់ទណ្ឌកម្មលើលោក ពូទីន ផ្ទាល់ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ សេតវិមានបានប្រកាសវិធានការនេះ កាលពីថ្ងៃពុធ ដោយបាននិយាយថា ខ្លួននឹងរារាំងកូនរបស់លោក ពូទីន ពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិករួមជាមួយសាច់ញាតិដទៃទៀតនៃមន្ត្រីជាន់ខ្ពស់រុស្ស៊ី។
ជាមួយគ្នានេះដែរ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន ការដាក់ទណ្ឌកម្មទៅលើកូនរបស់ប្រធានាធិបតីរុស្ស៊ី គឺការកាត់ផ្តាច់ពួកគេចេញពីប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងបង្កកទ្រព្យសម្បត្តិដែលពួកគេកាន់កាប់នៅក្នុងសហរដ្ឋអាមេរិក។ លើសពីនេះ ក្រៅពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសសេដ្ឋកិច្ចធំៗផ្សេងទៀត ក៏អាចនឹងដាក់ទណ្ឌកម្មទៅលើពួកគេផងដែរ។
ទោះជាយ៉ាងណាក្ដី សេតវិមានមិនបានបញ្ចេញឈ្មោះកូនរបស់លោក ពូទីន នោះទេ ប៉ុន្តែអ្នកនាំពាក្យវិមានក្រឹមឡាំងបានបញ្ជាក់ថា អ្នកដែលរងផលប៉ះពាល់គឺ Katerina Tikhonovna អ្នកហាត់កាយសម្ព័ន្ធដ៏ល្បីម្នាក់ និង Maria Vorontsova ជាអ្នកស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រ។ អ្នកទាំងពីរជាកូនរបស់លោក Putin ជាមួយនឹងអតីតភរិយារបស់លោក គឺលោកស្រី Ludmila Putina។
វាមិនច្បាស់ទេថាតើ Tikhonovna និង Voronstova មានភាគហ៊ុននៅខាងក្រៅប្រទេសរុស្ស៊ីដែរឬទេ។ បើយោងតាមសារព័ត៌មាន Reuters ដែលបានរាយការណ៍នៅក្នុងឆ្នាំ២០១៥ កូនរបស់លោក ពូទីន ឈ្មោះថា Tikhonova បានរៀបការជាមួយមហាសេដ្ឋី Kirill Shamalov ដែលជាកូនប្រុសរបស់មិត្តជិតស្និទ្ធរបស់លោកពូទីន ដែលនឹងផ្ដល់ទ្រព្យសម្បត្តិឱ្យប្តីប្រពន្ធនេះប្រហែល ២ពាន់លានដុល្លារអាមេរិក។ ប៉ុន្តែ នៅឆ្នាំ ២០១៨ ពួកគេបានចែកផ្លូវគ្នា នេះបើយោងតាម Bloomberg។
ការកាន់កាប់របស់ពួកគេរួមមាន អាផាតមិនជាប់មាត់សមុទ្រតម្លៃចំនួន ៣.៧ លានដុល្លារនៅ Biarritz ប្រទេសបារាំង នេះបើយោងតាម Reuters ។ ដោយឡែកកូនស្រីម្នាក់ទៀតដែលមានឈ្មោះថា Vorontsova គឺជាសហម្ចាស់ក្រុមហ៊ុនវិនិយោគផ្នែកថែទាំសុខភាពឯកជនរបស់រុស្ស៊ីដែលមានឈ្មោះថា Nomenko ។ នាងបានចាកចេញពីផ្ទះរបស់នាងក្នុងប្រទេសហូឡង់ក្នុងឆ្នាំ២០១៤ បន្ទាប់ពីការធ្លាក់យន្តហោះ MH17 របស់ក្រុមហ៊ុន Malaysia Airlines ដែលបានសម្លា…ប់អ្នកស្រុកហូឡង់ជាច្រើននាក់ ហើយត្រូវបានគេសង្ស័យជាយូរមកហើយថាជា ការធ្វើរបស់វិមានក្រឹមឡាំង។ ជាមួយគ្នានេះការស៊ើបអង្កេតរបស់កាសែតរុស្ស៊ី The New Times ក្នុងឆ្នាំ២០១៦ បាននិយាយថា នាង Vorontsova ប្រើប្រាស់ជីវិតរស់នៅដ៏សុខស្រួល៕



អត្ថបទ៖ លីនី
ប្រភព៖ businessinsider


