ក្នុងពេលបច្ចុប្បន្ននេះ ឃើញថាមហាសេដ្ឋី និងបុគ្គលល្បីៗជាច្រើនងាកទៅរកការវិនិយោគនៅក្នុង Bitcoin ប៉ុន្តែក្នុងនោះមិនមានវត្តមានមហាសេដ្ឋីចិត្តធម៌ Bill Gates ឡើយ។ បើយោងតាមបទសម្ភាសន៍មួយកាលពីខែកុម្ភៈ ឆ្នាំ២០២១ មហាសេដ្ឋីបានប្រាប់ពីមូលហេតុ ដែលលោកមិនវិនិយោគនៅក្នុង Bitcoin ហើយថែមទាំងណែនាំអ្នកដែលវិនិយោគនៅក្នុងនោះ មានការប្រុងប្រយ័ត្ននឹងគិតគូរឱ្យច្បាស់លាស់ទៀតផង។
ស្ថាបនិកក្រុមហ៊ុន Microsoft បានប្រាប់ Bloomberg Technology ថា៖ “គាត់មានការប្រុងប្រយ័ត្នចំពោះភាពច្របូកច្របល់លើ Bitcoin ជាពិសេសដោយសារតម្លៃនៃរូបិយប័ណ្ណគ្រីបតូ ដែលអាចត្រូវបានផ្លាស់ប្ដូរយ៉ាងលឿនដោយសាររឿងហេតុសាមញ្ញៗ ដូចជាការបង្ហោះរបស់នាយកប្រតិបត្តិ Tesla លោក Elon Musk នៅលើគណនី tweeter របស់គាត់ជាដើម “។
គាត់បានបន្ថែមទៀតថា៖ ” Elon មានលុយច្រើន ហើយគាត់ទំនើប និងទាន់សម័យ ដូច្នេះខ្ញុំមិនបារម្ភថា Bitcoin របស់គាត់នឹងឡើង ឬចុះដោយចៃដន្យនោះទេ។ ខ្ញុំគិតថា មនុស្សដែលត្រូវបានគេទាញឱ្យចូលទៅវិនិយោគទាំងនេះ ពួកគេក៏ប្រហែលជាមិនមានសល់លុយច្រើននោះដែរ ដូច្នេះខ្ញុំមិនរំពឹងខ្ពស់លើការវិនិយោគលើ Bitcoin ទេ។ ដូច្នេះប្រសិនបើអ្នកមានលុយតិចជាងមហាសេដ្ឋី Elon Musk អ្នកគួរប្រុងប្រយ័ត្នក្នុងការវិនិយោគ”។
លើសពីនេះទៅទៀត មហាសេដ្ឋី Bill Gates បាននិយាយថា គាត់មានការព្រួយបារម្ភជាចម្បងអំពីកង្វះបទប្បញ្ញត្តិជុំវិញរូបិយប័ណ្ណគ្រីបតូ ហើយគាត់បានលើកឡើងពីហានិភ័យសំខាន់ៗចំនួនពីរដែលទាក់ទងនឹង Bitcoin និងទម្រង់ផ្សេងទៀតនៃរូបិយប័ណ្ណគ្រីបតូដូចជា៖ ពួកគេត្រូវបានវិមជ្ឈការ ហើយវាអាចមានការប្រែប្រួលខ្លាំង។
គួរឱ្យដឹងថា Elon Musk មហាសេដ្ឋីលំដាប់ពិភពលោកដែលមានទ្រព្យសម្បត្តិសរុប ២៣៣ ពាន់លានដុល្លារ យោងទៅតាមទស្សនាវដ្តី Forbes គឺជាអ្នកលេង និងវិនិយោគលើ Bitcoin ដ៏សកម្ម ដោយបានបង្ហោះសារជាញឺកញាប់ពីការវិនិយោគនេះ៕



អត្ថបទ៖ លីនី
ប្រភព៖ cnbc


