មេធំ Tesla បានបង្ហាញពីភាគហ៊ុន ៩.២% នៅក្នុង Twitter មានតម្លៃជិត ៣ពាន់លានដុល្លារ ដែលធ្វើឱ្យគាត់ក្លាយជាម្ចាស់ភាគហ៊ុនធំជាងគេរបស់គេហទំព័រ មីក្រូប្លុក និងបង្កឱ្យមានការកើនឡើងច្រើនជាង ២៥% នៃភាគហ៊ុនរបស់ក្រុមហ៊ុន។ ការទិញភាគហ៊ុន បានកើនឡើងបន្ទាប់ពីមហាសេដ្ឋី Elon Musk បានបង្ហោះនៅលើគណនី Twitter របស់គាត់ថា គាត់ចង់បង្កើតបណ្ដាញសង្គមថ្មីដែលជារបស់ខ្លួនផ្ទាល់។
បើតាមឯកសារបទប្បញ្ញត្តិកាលពីថ្ងៃច័ន្ទបានបង្ហាញថា លោក Musk កាន់កាប់ភាគហ៊ុន Twitter ចំនួន ៧៣.៥ លានដែលត្រូវបានកាន់កាប់ដោយ Elon Musk Revocable Trust ដែលគាត់ គឺជាអ្នកទទួលខុសត្រូវតែម្នាក់គត់។ ទន្ទឹមនឹងនោះ Vanguard គឺជាម្ចាស់ភាគហ៊ុនធំទីពីររបស់ Twitter ជាមួយនឹងភាគហ៊ុន ៨.៧៩% នេះបើយោងតាមទិន្នន័យរបស់ Refinitiv ។
មហាសេដ្ឋី Elon Musk ត្រូវបានស្គាល់ថា ជាអ្នកប្រើប្រាស់ Twitter ដ៏ល្បី ដែលមានអ្នកតាមដាន (follower) ជាង ៨០លាននាក់ ចាប់តាំងពីបានចូលលេងជាមួយគេហទំព័រនេះក្នុងឆ្នាំ២០០៩ ហើយបានប្រើប្រាស់វេទិកានេះដើម្បីធ្វើសេចក្តីប្រកាសជាច្រើន រួមទាំងការនិយាយស្តីអំពីកិច្ចព្រមព្រៀងឯកជនសម្រាប់ Tesla។ យ៉ាងណាមិញ បើតាម អ្នកវិភាគរបស់ CFRA Research ការវិនិយោគរបស់ Musk នេះ គឺជាភាគរយតិចតួចបំផុតនៃទ្រព្យសម្បត្តិរបស់គាត់ ហើយការទិញភាគហ៊ុនទាំងអស់ក៏អាចនឹងទៅរួចដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


