មិនធម្មតាឡើយ! តារាកំប្លែង Chris Rock ដែលត្រូវមួយកំផ្លៀងរបស់ Will Smith ជាតារា​កំប្លែង​​រក​ចំណូល​បាន​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក មានទ្រព្យ ៩៧លានដុល្លារ
បុគ្គលជោគជ័យ March 31, 2022 Khmernote

ដូចដែលយើងបានដឹងរួចមកហើយ ក្រោយត្រូវ​តារាសម្ដែងដ៏ល្បីឈ្មោះ Will Smith បានទះមួយកំផ្លៀងនៅលើឆាក តារាកំប្លែង Chris Rock ហាក់ដូចជាកាន់តែល្បីល្បាញជាងមុន។ Chris Rock កើតនៅទីក្រុង Andrews រដ្ឋ South Carolina នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ១៩៦៥ ហើយបានចាប់ផ្តើមអាជីពជាតារាកំប្លែងក្នុងឆ្នាំ១៩៨៤ នៅក្នុងកម្មវិធី Catch a Rising Star ទីក្រុងញូវយ៉ក។

បើនិយាយពីប្រាក់ចំណូលរបស់តារាកំប្លែងវ័យ ៥៧ឆ្នាំរូបនេះវិញ Chris Rock គឺ​ជា​តារា​កំប្លែង​ដែល​រក​ចំណូល​បាន​ខ្ពស់​បំផុត​មួយ​ក្នុង​ពិភពលោក។​ គាត់រកប្រាក់បានយ៉ាងច្រើនពីការសម្ដែង ការនិយាយបែបកំប្លែង និងបង្ហាញខ្លួននៅលើកម្មវិធីទូរទស្សន៍ រួមជាមួយការ​វិនិយោគ​យ៉ាង​សម្បើម​ក្នុង​វិស័យ​អចលន​ទ្រព្យ ដែលបានប្រាក់​តាម​រយៈ​​ការ​ជួល។ Chris Rock សម្តែងរឿងកំប្លែងបែបនិយាយហើយឈរនៅលើឆាកម្នាក់ឯង ( stand-up comedy) នៅទូទាំងសហរដ្ឋអាមេរិក អូស្ត្រាលី និងអឺរ៉ុប ហើយសម្រាប់កម្មវិធីនីមួយៗ Chris Rock ទាក់ទាញទស្សនិកជនជាងមួយពាន់នាក់ និងរកចំណូលបានរហូតដល់ ១០០,០០០ ដុល្លារក្នុងមួយថ្ងៃដោយការសម្តែងនិយាយបែបកំប្លែងនៅលើឆាក។ លើសពីនេះក្នុងរយៈពេល ២៤ខែមុន គាត់ទទួលបានប្រាក់ខែជាង ១២លានដុល្លារ តាមរយៈរឿងកំប្លែងរបស់គាត់។

ជាមួយគ្នានោះ Chris Rock កាន់កាប់អចលនទ្រព្យជាង ១២កន្លែង រថយន្ត ៨ គ្រឿង ទូកទេសចរណ៍ប្រណិតចំនួន ៣ ហើយ ទ្រព្យសកម្មរបស់ Chris Rock ក៏រួមបញ្ចូលសាច់ប្រាក់បម្រុងជាង ២០លានដុល្លារផងដែរ។ មិនតែប៉ុណ្ណោះ Chris Rock ក៏ជាម្ចាស់ភាគហ៊ុនវិនិយោគនៅក្នុងក្រុមហ៊ុនធំចំនួន ១៤ភាគហ៊ុនដែលមានតម្លៃ ២០លានដុល្លារ ក្នុងនោះរួមមាន៖ ក្រុមហ៊ុន Delta Air Lines ,Coca-Cola ,General Motors ,Starbucks ,Walmart ,Tesla ,Amazon និង Microsoft ដោយការវិនិយោគរបស់ Chris Rock នៅក្នុងទីផ្សារភាគហ៊ុនកំពុងផ្តល់ឱ្យគាត់នូវប្រាក់ចំណេញច្រើនជាង ២៥% ក្នុងមួយឆ្នាំៗ។

គួរបញ្ជាក់ថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់គាត់បានឡើងដល់ ៩៧លានដុល្លារ ខណៈឆ្នាំ២០២១ មានចំនួន ៩០លានដុល្លារ។ លើសពីនេះ ទ្រព្យសម្បត្តិសុទ្ធរបស់ Chris Rock ត្រូវបានគេប៉ាន់ប្រមាណថា នឹងកើនឡើងក្នុងអត្រា ៣០% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ បន្ទាប់ពីរឿងដែលបានកើតឡើងនៅឯពានរង្វាន់អូស្ការថ្មីៗនេះ ពោលគឺបន្ទាប់ពីតារាសម្ដែង Will Smith ទះគាត់មួយកំផ្លៀងនៅលើឆាកមកប្រជាប្រិយភាពរបស់ Chris Rock កើនឡើងយ៉ាងខ្លាំង៕

អត្ថបទ៖​ លីនី
ប្រភព៖ caknowledge