ពិតទេ? អ្នកជំនាញជាច្រើនរូបបង្ហើបថា លោក វ្ល៉ាឌីមៀ ពូទីន អាចជាអ្នក​មានជាងគេបំផុតលើពិភពលោក មិនមែនជាមហាសេដ្ឋី Elon Musk ឡើយ
បុគ្គលជោគជ័យ March 22, 2022 Khmernote

អ្នកជំនាញជាច្រើនរូបបានបង្ហើបឱ្យដឹងថា បុរសដែលមានជាងគេបំផុតលើពិភពលោកនាពេលបច្ចុប្បន្ននេះ អាចមិនមែនជាមហាសេដ្ឋី Elon Musk ដែលជាស្ថាបនិកក្រុមហ៊ុន Tesla ឡើយនោះគឺជាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នេះបើយោងតាម​ការចុះផ្សាយរបស់សារព័ត៌មាន walesonline.co.uk។

ខណៈពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់ប្រធានាធិបតីរូបនេះ ត្រូវបានបង្ហាញដោយវិមានក្រឹមឡាងថា លោក ពូទីន ទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំចំនួន ១៤០,០០០ ដុល្លារ ជាមួយផ្ទះល្វែងទំហំ ៨០០ ម៉ែត្រការ៉េ និងឡានចំនួន ៣ ក៏ដោយ ក៏មិនមានអ្នកណាជឿ ហើយវានៅតែជាអាថ៌កំបាំងថា តើទ្រព្យសម្បត្តិរបស់ប្រធានាធិបតីរូបនេះមានតម្លៃប៉ុន្មាន?

យ៉ាងណាមិញ បើតាមអ្នកជំនាញជាច្រើនអះអាងថា លោក ពូទីន អាចជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតក្នុងពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិខ្លឹមៗដែលមានដូចជាផ្ទះ ឡាន និងរបស់របរប្រើប្រាស់មួយចំនួនសរុបតម្លៃរហូតដល់ ២០០ពាន់លានដុល្លារ។ អ្នកជំនាញ បានឱ្យដឹងថា លោក ពូទីន មានភូមិគ្រឹះប្រណិតតម្លៃ ១ពាន់លានផោន (ប្រមាណ ១.៣ពាន់លានដុល្លារ) មានឈ្មោះថា “Black Sea” ដែលគេត្រូវប្រទះឃើញនៅលើ Google Map ប៉ុន្តែត្រូវបានវិមានក្រឹមឡាង បដិសេធថា ផ្ទះនោះជាកន្លែងបណ្តាក់ទុនរកស៊ីដោយអ្នកជំនួញផ្សេងៗ។

ទោះជាយ៉ាងក្ដី បើតាមតាមគេហទំព័រ Fortune.com បានឱ្យដឹងថា វិមាននេះត្រូវបានគេយល់ថា ជាលំនៅដ្ឋានឯកជនដ៏ធំបំផុតនៅក្នុងប្រទេស និងបម្រើជាវិមានឯកជនរបស់លោក ពូទីន ដែលមានឈ្មោះថា “Putin’s Country Cottage”។ ក្រៅពីផ្ទះតម្លៃដ៏មហាសាលនេះ លោក ពូទីន ត្រូវ​បាន​គេ​រាយការណ៍​ថា ​មាន​យន្តហោះ និង​ឧទ្ធម្ភាគចក្រ​ប្រហែល ៥៨ គ្រឿង រួម​នឹង​រថយន្ត ៧០០ គ្រឿង។ ក្នុង​ចំណោម​ទ្រព្យ​សម្បត្តិ​ទាំង​នេះ ​ក៏មានយន្តហោះ​តម្លៃ ៧១៦ លាន​ដុល្លារ​ឈ្មោះ​ថា “The Flying Kremlin” ដែល​មាន​បង្គន់​ធ្វើ​ពី​មាស។

លើសពីនេះ ក៏មានពាក្យចចាមអារ៉ាម លោក ពូទីន ជាម្ចាស់នាវា megayacht តម្លៃ ១០០លានដុល្លារ ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតនាវាមុជទឹកនុយក្លេអ៊ែរពីកងទ័ពជើងទឹករុស្ស៊ី។ មិនទាន់អស់ទេប្រធានាធិបតី​រុស្ស៊ី​ តែង​ត្រូវ​បាន​គេ​ថត​ជាប់ជាមួយ​នាឡិកា​ប្រណីតម៉ាក Patek Philippe Perpetual Calendar ដែលមានតម្លៃ ៦០,០០០ដុល្លារ។

ទន្ទឹមនឹងនេះ អ្នកជំនាញនយោបាយលោក Stanislav Belkovsky បានអះអាងថា លោក ពូទីន រកបាន ២៧ពាន់លានផោន ពីភាគហ៊ុននៅក្នុងក្រុមហ៊ុនថាមពលរុស្ស៊ីចំនួនបី គឺក្រុមហ៊ុនរុករកប្រេង Surgutneftegaz ក្រុមហ៊ុន Gazprom ដែលជាក្រុមហ៊ុនថាមពលរដ្ឋដ៏ធំ និងក្រុមហ៊ុន Gunvor ដែលជាក្រុមហ៊ុនពាណិជ្ជកម្មប្រេង។

យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ីបានបដិសេធការចោទប្រកាន់ទាំងនេះ ហើយបាននិយាយថា “ខ្ញុំជាបុរសដែលមានជាងគេបំផុត មិនត្រឹមតែនៅអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងពិភពលោកទាំងមូល៖ ព្រោះខ្ញុំទទួលបានការទុកចិត្តពីប្រជាជន និងឱកាសដឹកនាំប្រទេសដ៏អស្ចារ្យដូចជារុស្ស៊ី នេះហើយដែលជាទ្រព្យសម្បត្តិដ៏ធំបំផុតរបស់ខ្ញុំ “៕

អត្ថបទ៖ លីនី
ប្រភព៖ walesonline