សារព័ត៌មាន Celebrity Net Worth ផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន មានទ្រព្យសម្បត្តិសរុបត្រឹម ១.៥លានដុល្លារប៉ុណ្ណោះ មិនមែន ១.៥ពាន់លានដុល្លារដូចពាក្យចរចាមអារាមនោះទេ
បុគ្គលជោគជ័យ March 10, 2022 Khmernote

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានឈ្នះបេះដូងនៃពិភពលោកខាងលិចនាពេលថ្មីៗនេះ នៅពេលដែលការលុកលុយប្រទេសរបស់គាត់ដោយប្រទេសរុស្ស៊ី ដោយលោកបានបដិសេធសំណើរពីសហរដ្ឋអាមេរិកដើម្បីជួយគាត់ឱ្យជម្លៀសចេញពីរដ្ឋធានី Kyiv ជាមួយហេតុផលដ៏ចាក់ដោតថា៖ “ខ្ញុំ​ត្រូវ​ការ​គ្រាប់​រំសេវ មិន​មែនការភៀសខ្លួន​ទេ”។

យ៉ាងណាមិញនៅពេលដែលសង្រ្គាមនៅអ៊ុយក្រែនកាន់តែក្តៅគគុក ពាក្យចចាមអារ៉ាមជាច្រើនបានលេចឡើងនៅលើអ៊ីនធឺណិតទាក់ទងនឹងទ្រព្យសម្បត្តិសុទ្ធរបស់លោក Zelensky រួមទាំងទ្រព្យសម្បត្តិដូចជាផ្ទះ និងរថយន្ត។ ពាក្យចចាមអារ៉ាមទាំងនោះបានលើកឡើង ប៉ាន់ប្រមាណមានចាប់ពី ១,៥ លានដុល្លារ ដល់កន្លះពាន់លានដុល្លារ ហើយខ្លះរហូតទៅដល់ ១,៥ ពាន់លានដុល្លារ។ លើសពីនេះប្រភព​ព័ត៌មាន​មួយ​ចំនួន​ប៉ាន់​ស្មាន​ថា ការ​បង្ហោះ​សារ​ដែល​ប្រកាស​ទ្រព្យ​សម្បត្តិ​របស់​អតីត​តារា​កំប្លែង​នេះ​ចំនួន ១,៥ ពាន់​លាន​ដុល្លារ គឺ​ជា​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ខូច​ការ​គាំទ្រ​ដល់ Zelensky និង​អ៊ុយក្រែន។ ដូច្នេះតើ Zelensky មានទ្រព្យពិតប្រាកដប៉ុន្មាន?

បើយោងតាម ​​Celebrity Net Worth លោក Zelensky មានទ្រព្យប្រហែល ១.៥ លានដុល្លារ មិនមែន ១.៥ ពាន់លានដុល្លារទេ។ គេហទំព័រនេះបាននិយាយថា ការបង្ហាញហិរញ្ញវត្ថុរបស់ប្រធានាធិបតីពីឆ្នាំ២០១៨ បានចុះបញ្ជីទ្រព្យសម្បត្តិសរុបដែលមានតម្លៃ ៣៧លាន (hryvnias) ដែលជារូបិយប័ណ្ណអ៊ុយក្រែន។ នៅពេលនោះ បានផ្តល់ឱ្យគាត់នូវទ្រព្យសម្បត្តិសុទ្ធចំនួន ១.៥ លានដុល្លារអាមេរិក ទោះបីជាអត្រាប្តូរប្រាក់បរទេស ធ្វើឱ្យចំនួនទឹកប្រាក់ប្រែប្រួលក៏ដោយ។

ជាមួយគ្នានេះ លោក Zelensky រកបានប្រាក់ភាគច្រើនរបស់គាត់ក្នុងនាមជាអ្នកកំប្លែងជនជាតិអ៊ុយក្រែន ដោយសម្តែងក្នុងខ្សែភាពយន្តជាភាសារុស្សី រួមមានរឿង “Love in the Big City” “Office Romance” និង “8 First Dates” ។ ពីឆ្នាំ ២០១៥ ដល់ឆ្នាំ២០១៩ គាត់បានសម្តែងក្នុងរឿងកំប្លែង “Servant of the People” ។ រឿងនេះបានចាក់ផ្សាយចំនួន ៥១ភាគ បានរៀបរាប់ដំណើរផ្សងព្រេងរបស់គ្រូបង្រៀនវិទ្យាល័យម្នាក់បានប្រែក្លាយប្រធានាធិបតីអ៊ុយក្រែន ហើយនៅឆ្នាំ២០១៩ លោក Zelensky បានឈរឈ្មោះសម្រាប់តំណែង ហើយត្រូវបានជ្រើសរើសជាប្រធានាធិបតី។

ថ្វីត្បិតតែនេះជាលើកដំបូងរបស់លោក Zelensky ចូលទៅក្នុងនយោបាយក៏ដោយ ក៏គាត់មានការអប់រំដើម្បីគាំទ្រការផ្លាស់ប្តូរអាជីពនាពេលថ្មីៗនេះ។ គាត់បានបញ្ចប់ការសិក្សាពីវិទ្យាស្ថានសេដ្ឋកិច្ច Kryvyi Rih ជាមួយនឹងសញ្ញាប័ត្រច្បាប់ ប៉ុន្តែមិនដែលបានអនុវត្ត នេះបើយោងតាម ​​ClutchPoints ។ តួនាទីបច្ចុប្បន្នរបស់លោក Zelensky ជាប្រធានាធិបតីអ៊ុយក្រែន ទទួលបានប្រាក់ខែត្រឹមតែ ២៨,០០០ Hryvnias ក្នុងមួយឆ្នាំ ឬស្មើនឹង ៩៣០ដុល្លារ ក្នុងមួយខែប៉ុណ្ណោះ ប្រាក់ខែប្រចាំឆ្នាំប្រហែល ១១,២០០ ដុល្លារក្នុងមួយឆ្នាំ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo