ខ្លាចខាតបង់ពីការដាក់ទណ្ឌកម្ម មហាសេដ្ឋីមានជាងគេបំផុតរបស់រុស្ស៊ី ផ្ទេរភាគហ៊ុនជាង ១ពាន់លានដុល្លារទៅ​ឱ្យប្រពន្ធ និងលាលែងពីដំណែងក្នុងក្រុមហ៊ុន ២ទៀត
បុគ្គលជោគជ័យ March 4, 2022 Khmernote

លោក Alexei Mordashov ដែលជាមហាសេដ្ឋីមានបំផុតរបស់រុស្ស៊ី និងជាបុគ្គលម្នាក់ក្នុងចំណោមមហាសេដ្ឋីរុស្សីដែលត្រូវបានដាក់ទណ្ឌកម្មនៅសប្តាហ៍នេះដោយសហភាពអឺរ៉ុប បានផ្ទេរការគ្រប់គ្រងភាគហ៊ុនចំនួន ១.១ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុនរុករករ៉ែទៅឱ្យភរិយារបស់គាត់ នេះបើតាមការរាយការណ៍ដំបូងរបស់ Bloomberg ។

លោកស្រី Marina Aleksandrovna Mordashova បានក្លាយជាអ្នកគ្រប់គ្រងយ៉ាងសំខាន់ក្នុងក្រុមហ៊ុន Nordgold កាលពីថ្ងៃចន្ទ នេះបើយោងតាមឯកសាររបស់ចក្រភពអង់គ្លេស ដែលរួមបញ្ចូលនៅក្នុងរបាយការណ៍របស់ Bloomberg ។ យោងតាមឯកសារនេះ Mordashova ឥឡូវនេះកាន់កាប់ចន្លោះពី ៥០ ទៅ ៧៥% នៃសិទ្ធិបោះឆ្នោតនៅ Nordgold ដែល Reuters បានរាយការណ៍ថា បានកំណត់គោលដៅតម្លៃរហូតដល់ ៥ពាន់លានដុល្លារកាលពីឆ្នាំមុននៅពេលដែលខ្លួនកំពុងរៀបចំផែនការផ្តល់ជាសាធារណៈដំបូង។

ទន្ទឹមនឹងនេះដែរ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា Mordashov ដែលជាអ្នកមានបំផុតនៅក្នុងប្រទេសរុស្ស៊ីបានលាលែងពីតំណែងជានាយកនៅ Nordgold កាលពីថ្ងៃអង្គារ ខណៈគាត់កាន់កាប់រហូតដល់ពាក់កណ្តាលនៃភាគហ៊ុនរបស់ Nordgold ។ គួរឱ្យដឹងថា មហាសេដ្ឋីរុស្ស៊ី បានក្លាយជាគោលដៅសម្រាប់ទណ្ឌកម្មរបស់លោកខាងលិច បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យមានការលុកលុយប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប គឺជាអ្នកដែលបានអនុវត្តកញ្ចប់ទណ្ឌកម្មដែលសំដៅធ្វើឱ្យសេដ្ឋកិច្ចរបស់រុស្ស៊ីចុះខ្សោយ៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo