មេធំហ្វេសប៊ុក Mark Zuckerberg ត្រូវបាត់បង់ទ្រព្យ ២៩ ពាន់លានដុល្លារត្រឹមពេលតែមួយថ្ងៃដោយសារ Meta
បុគ្គលជោគជ័យ February 4, 2022 Khmernote

មហាសេដ្ឋីវ័យក្មេង Mark Zuckerberg បានបាត់បង់ទ្រព្យសម្បត្តិសុទ្ធចំនួន ២៩ ពាន់លានដុល្លារកាលពីថ្ងៃ​ព្រហស្បតិ៍ ទី០៣ ខែកុម្ភៈ ដោយសារតែភាគហ៊ុនរបស់ក្រុមហ៊ុន Meta Platforms បានធ្លាក់ចុះត្រឹមមួយថ្ងៃ បន្ទាប់ពីការព្យាករណ៍ប្រាក់ចំណូលដែលលទ្ធផលឃើញថាមិនដូចការរំពឹងទុក។

យោងតាមការចុះផ្សាយរបស់ channelnewsasia​ បានឱ្យដឹងថា ភាគហ៊ុនរបស់ Meta បានធ្លាក់ចុះ ២៦% ដោយបានលុបចោលច្រើនជាង ២០០ពាន់លានដុល្លារអាមេរិក នៅក្នុងការខាតបង់តម្លៃទីផ្សារដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងមួយថ្ងៃសម្រាប់ក្រុមហ៊ុនអាមេរិកមួយនេះ។ ការខាតបង់នេះ បានទាញទ្រព្យសម្បត្តិរបស់ស្ថាបនិក និងនាយកប្រតិបត្តិ Zuckerberg ធ្លាក់ចុះមកត្រឹម ៨៥ពាន់លានដុល្លារអាមេរិក នេះបើយោងតាមទស្សនាវដ្តី Forbes ។

ការធ្លាក់ចុះទ្រព្យសម្បត្តិត្រឹមតែមួយថ្ងៃរបស់គាត់ គឺស្ថិតក្នុងចំណោមការខាតបង់ដ៏ធំបំផុតដែលមិនធ្លាប់មាន ហើយកើតឡើងបន្ទាប់ពីការខាតបង់ក្នុងមួយថ្ងៃ ៣៥ពាន់លានដុល្លាររបស់ Elon Musk របស់មេធំ Tesla នៅក្នុងខែវិច្ឆិកា។ បន្ទាប់ពីការបាត់ប្រាក់ចំនួន ២៩ ពាន់លានដុល្លារនោះ Mark Zuckerberg ស្ថិតនៅលំដាប់ទី១២ ក្នុងបញ្ជីមហាសេដ្ឋីរបស់ Forbes ដែលស្ថិតក្រោមមហាសេដ្ឋីជំនួញឥណ្ឌា Mukesh Ambani និង Gautam Adani៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia