បើកក្បាលឆ្នាំថ្មី ២០២២ ភ្លាម នាយកប្រតិបត្តិ Tesla លោក Elon Musk ដូចជាហាក់មិនសមប្រកបសោះ ដោយគេបានកត់សម្គាល់នូវការចាប់ផ្ដើមដ៏រង្គោះរង្គើនៃទ្រព្យសម្បត្តិ។ យោងតាមការចុះផ្សាយរបស់ទស្សនាវដ្ដី forbes បានឱ្យដឹងថា ទោះបីជាក្រុមហ៊ុន Tesla ប្រកាសប្រាក់ចំណេញកាលពីថ្ងៃពុធ ក៏ដោយ ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបានធ្លាក់ចុះ ១១% កាលពីថ្ងៃព្រហស្បតិ៍ ដោយកាត់បន្ថយទ្រព្យសម្បត្តិរបស់ Musk ចំនួន ២៤.៥ ពាន់លានដុល្លារ។
ការធ្លាក់ចុះយ៉ាងគំហុកកាលពីថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន Tesla បានព្រមានម្ចាស់ភាគហ៊ុននៅក្នុងការប្រកាសរកប្រាក់ចំណូលរបស់ខ្លួន កាលពីល្ងាចថ្ងៃពុធថា បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់អាចរារាំងកំណើននៅឆ្នាំនេះ។ ហើយគិតត្រឹមថ្ងៃបិទទីផ្សារនៅថ្ងៃព្រហស្បតិ៍ Tesla កំពុងជួញដូរក្នុងតម្លៃ ៨២៩.១០ដុល្លារ ក្នុងមួយហ៊ុន ធ្លាក់ចុះពីជិត ១,២០០ដុល្លារ ក្នុងមួយហ៊ុននៅថ្ងៃទី៣ ខែមករា។
ទោះបីជាទ្រព្យសម្បត្តិធ្លាក់ចុះច្រើនយ៉ាងណាក្ដី មហាសេដ្ឋីកាណាដារូបនេះ នៅតែជាអ្នកមានបំផុតនៅលើពិភពលោក។ លោក Elon Musk បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្ត្រដែលឆ្លងផុតកម្រិត ៣០០ពាន់លានដុល្លារក្នុងខែវិច្ឆិកា បន្ទាប់ពីភាគហ៊ុន Tesla បានបិទនៅកំណត់ត្រា ១,២០៨ដុល្លារ។ ឥឡូវនេះគាត់នាំមុខនាយកប្រតិបត្តិ LVMH លោក Bernard Arnault (មានតម្លៃ ១៨៨.៦ ពាន់លានដុល្លារ) និងស្ថាបនិក Amazon លោក Jeff Bezos (មានតម្លៃ ១៦៥.៥ ពាន់លានដុល្លារ)៕


អត្ថបទ៖ លីនី
ប្រភព៖ forbes


