បិទទ្វារយូរពេក បារ និងក្លឹបរាត្រីជាង ៤០០កន្លែងក្នុងក្រុងបាងកកសុំការអនុញ្ញាតបើកឡើងវិញជាភោជនីយដ្ឋាន
បុគ្គលជោគជ័យ January 17, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឱ្យដឹងថា បារ ក្លឹបរាត្រី និងកន្លែងកម្សាន្តជាង ៤១៣កន្លែង នៅក្នុងទីក្រុងបាងកក បានស្នើសុំការអនុញ្ញាតឱ្យបើកឡើងវិញជាភោជនីយដ្ឋាន។ នៅក្នុងទីក្រុងបាងកក និងខេត្តផ្សេងទៀតដែលត្រូវបានចាត់ថ្នាក់ជាតំបន់ “ពណ៌ខៀវ” ការលក់គ្រឿងស្រវឹងនៅភោជនីយដ្ឋានត្រូវបានអនុញ្ញាត ប៉ុន្តែបើកបានត្រឹមម៉ោង 9 យប់ប៉ុណ្ណោះ។

យ៉ាងណាមិញ កន្លែងសរុបចំនួន ៤១៣ បានស្នើសុំការអនុញ្ញាតឱ្យបើកឡើងវិញជាភោជនីយដ្ឋាន ហើយកន្លែងខ្លះនៅតែត្រូវបានវាយតម្លៃដោយមន្ត្រី។ យោងតាមលេខាធិការរបស់ទីក្រុងបាងកក កន្លែងកម្សាន្តដែលចង់បើកឡើងវិញត្រូវអនុវត្តតាមវិធានការ “Covid-19 Free Setting” និងត្រូវបានអនុម័តក្រោមស្តង់ដារកំណត់ដោយរដ្ឋបាលសុវត្ថិភាព និងសុខភាព។ បុគ្គលិកទាំងអស់ត្រូវតែចាក់វ៉ាក់សាំង ហើយអតិថិជនដែលមិនបានចាក់វ៉ាក់សាំង ត្រូវបង្ហាញលទ្ធផលតេស្ត ATK អវិជ្ជមានមុនពេលចូល ទន្ទឹមនឹងនោះតំបន់នេះក៏ត្រូវមានខ្យល់អាកាស និងធំទូលាយគ្រប់គ្រាន់សម្រាប់ការរក្សាគម្លាត។

គួររម្លឹកថា បារ និងក្លឹបរាត្រីត្រូវ​បាន​បញ្ជាឱ្យបិទ​តាំង​ពី​ខែ​មេសា ដោយសារ​វិធានការ​គ្រប់គ្រង​ជំងឺ​យ៉ាង​តឹងរ៉ឹង ហើយក្រោយមកនៅពាក់កណ្តាលខែមករា រដ្ឋាភិបាលបានពន្យារពេលផែនការរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យបារ និងក្លឹបរាត្រីបើកឡើងវិញ ដោយសារការផ្ទុះឡើងនៃរ៉ារ្យង់ Omicron នៅក្នុងប្រទេសថៃ ប៉ុន្តែបានសម្រេចចិត្តអនុញ្ញាតឱ្យអាជីវកម្មទាំងនោះ ដាក់សំណើសុំការអនុញ្ញាតឱ្យបើកឡើងវិញជាភោជនីយដ្ឋាន៕

អត្ថបទ៖ លីនី
ប្រភព៖ thethaiger