សញ្ញាល្អ! មហាសេដ្ឋី Bill Gates និយាយថា នៅពេលដែលវ៉ារ្យ៉ង់ “អូមីក្រុង” ផុតទៅជំងឺកូវីដ-១៩ នឹងកាន់តែដូចជំងឺផ្តាសាយ
បុគ្គលជោគជ័យ January 13, 2022 Khmernote

មេរោគកូវីដ-១៩ បំលែងថ្មី អូមីក្រុង បច្ចុប្បន្នកំពុងហែកហួរពេញសហរដ្ឋអាមេរិក និងពិភពលោកទាំងមូលក្នុងល្បឿនដ៏លឿនបំផុត។ ប៉ុន្តែស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates បានមើលឃើញពីក្ដីសង្ឃឹមថ្មីនៅពេលឆាប់ៗខាងមុខនេះ។ មហាសេដ្ឋីរូបនេះបានលើកឡើងថា នៅពេលដែលវ៉ារ្យ៉ង់ អូមីក្រុង កន្លងផុតទៅជំងឺកូវីដ-១៩ នឹងកាន់តែដូចជំងឺផ្តាសាយតាមរដូវកាល​។

លោក Gates បានសរសេរកាលពីថ្ងៃអង្គារ នៅលើ Twitter Q&A ជាមួយ Devi Sridhar ប្រធានផ្នែកសុខភាពសាធារណៈសកលនៅសាកលវិទ្យាល័យ Edinburgh ថា៖ «នៅពេលដែលការកើនឡើងនាពេលបច្ចុប្បន្ននេះបានធូរស្រាល ប្រទេសនានាអាចរំពឹងថានឹងឃើញ “ករណីឆ្លងតិចជាងមុន” រហូតដល់ចុងឆ្នាំ២០២២។ នៅពេលដែលរឿងនោះកើតឡើង លោក Gates បានបន្តទៀតថា ជំងឺ កូវីដ-១៩ អាចត្រូវបានព្យាបាលដូចទៅនឹងជំងឺផ្តាសាយតាមរដូវ»។

ទោះបីជាយ៉ាងណាក្ដី សហស្ថាបនិក និងមហាសេដ្ឋីរបស់ Microsoft រូបនេះ មិនមែនជាមនុស្សទី១ ទេដែលព្យាករណ៍ពីបញ្ហាជំងឺរាតត្បាតកូវីដ-១៩ បែបនេះ ជាក់ស្ដែងអ្នកជំនាញខ្លះទៀតបាន និយាយថា ការរីករាលដាលយ៉ាងឆាប់រហ័សរបស់ អូមីក្រុង ចំពេលស្ថានភាពកាន់តែគ្រោះថ្នាក់នេះ អាចធ្វើឱ្យមនុស្សមានភាពស៊ាំធម្មជាតិកាន់តែច្រើន ដើម្បីជួយបង្វែរការរាតត្បាតរបស់ជំងឺកូវីដ-១៩ ទៅជាដំណាក់កាល “ជំងឺឆ្លង” មិនសូវធ្ងន់ធ្ងរ (“endemic”)៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc