ជាការពិតណាស់នៅក្នុងជិវិតរស់នៅសព្វថ្ងៃរបស់យើង នរណាដែលថាមិនចង់ឱ្យខ្លួនឯងខ្ពង់ខ្ពស់ មានការងារល្អៗ មានមុខមានមាត់ ជាពិសេសនៅក្នុងបណ្ដុំអ្នកជំនួញ។ ផ្ទុយទៅវិញស្ថាបនិកក្រុមហ៊ុនដ៏ល្បីមួយរូប បែរជាបោះបង់តំណែងជា CEO ចោលទៅវិញ ទោះបីចាប់ផ្ដើមក្រុមហ៊ុនតាំងពីមិនទាន់មានអ្វីសោះរហូតជោគជ័យដោយខ្លួនឯងក៏ដោយ។
លោក Ben Francis បានបង្កើតម៉ាក Gymshark ដែលឥឡូវជាម៉ាកយីហោសម្លៀកបំពាក់ហាត់ប្រាណតម្លៃ ១ពាន់លានដុល្លារ នៅពេលគាត់មានអាយុ ១៩ឆ្នាំ។ នៅឆ្នាំ២០១៥ គាត់បានលាលែងពីតំណែងជា CEO ដោយសារគាត់គិតថា តំណែងនេះមិនស័ក្កិសមជាមួយគាត់។ យ៉ាងណាមិញបច្ចុប្បន្នគាត់បានវិលមកកាន់ដំណែងនេះវិញហើយ។
ស្ថាបនិកវ័យ ២៩ឆ្នាំរូបនេះ បានប្រាប់ CNBC Make It បន្ទាប់ពីគាត់បានត្រលប់មកតួនាទីវិញក្នុងខែសីហាថា៖ “CEO មិនមែនជាតួនាទីត្រឹមត្រូវសម្រាប់ខ្ញុំទេ នៅពេលខ្ញុំមានអាយុ ២០ឆ្នាំ។ មិនមែនដោយសារតែខ្ញុំចាប់ផ្តើមអាជីវកម្មដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស មានន័យថាខ្ញុំជានាយកប្រតិបត្តិដែលមានសមត្ថភាពបំផុតនោះទេ “។
ជាមួយគ្នានោះដែរ នៅក្នុងការសម្ភាសន៍ជាមួយ CNBC លោកបានប្រាប់ពីមូលហេតុដែលគាត់មានអារម្មណ៍ថា ការសម្រេចចិត្តពីមុនរបស់គាត់ក្នុងការដើរថយក្រោយ គឺល្អបំផុតសម្រាប់ក្រុមហ៊ុន។ លោក Francis បានបន្តថា លោកលាឈប់ពីតំណែងជានាយកប្រតិបត្តិកាលពីប្រាំមួយឆ្នាំមុន ដោយបានប្រគល់តួនាទីឱ្យនាយកគ្រប់គ្រងនៅពេលនោះលោក Steve Hewitt ដែលជាអតីតនាយកក្រុមហ៊ុន Reebok ។ ការលាឈប់ពី CEO មិនមែនមានន័យថា គាត់មិនធ្វើអ្វីសោះទេ គឺគាត់បានសាកល្បងធ្វើការនៅក្នុងផ្នែកផ្សេងៗនៅក្រុមហ៊ុនរបស់គាត់ ដោយបានចំណាយពេលប្រាំមួយឆ្នាំចុងក្រោយនេះ ផ្លាស់ប្តូរតួនាទីជាច្រើន រួមចាប់ពីប្រធានផ្នែកបច្ចេកវិទ្យា ប្រធានផ្នែកទីផ្សារ និងប្រធានផ្នែកផលិតផល។
គួរឱ្យដឹងថា ម៉ាកយីហោសម្លៀកបំពាក់ និងគ្រឿងបរិក្ខារហាត់ប្រាណ Gymshark មានការរីកចម្រើនយ៉ាងឆាប់រហ័សចាប់តាំងពីលោក Francis បានបង្កើតគេហទំព័រឡើងវិញជាលើកដំបូងក្នុងនាមជានិស្សិតមហាវិទ្យាល័យកាលពីមួយទសវត្សរ៍មុន។ ប្រាក់ចំណូលរបស់វាបានកើនឡើងដប់ដងក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ដែលកើនឡើងដល់ ៥៥០លានដុល្លារ នៅឆ្នាំនេះ នេះបើយោងតាមលទ្ធផលហិរញ្ញវត្ថុពេញមួយឆ្នាំចុងក្រោយរបស់ក្រុមហ៊ុននៅក្នុងខែកក្កដា៕

![]()



អត្ថបទ៖ លីនី
ប្រភព៖ cnbc


