ដូចដែលយើងបានដឹងរួចមកហើយថា អ្នកនាំចេញវៀតណាមកំពុងជួបបញ្ហាធំ ដោយសារការកកស្ទះកុងតឺន័រដឹកផលិតផលនាំចេញទៅចិនរាប់ពាន់គ្រឿងនៅច្រកព្រំដែនដោយសារវិធានការរឹតបន្តឹងកូវីដ-១៩។ បញ្ហានេះ កំពុងក្លាយជាក្ដីកង្វល់មួយនៅវៀតណាម ខណៈអ្នកនាំចេញកំពុងព្យាយាមរកដំណោះស្រាយ ដើម្បីកុំឱ្យមានការខាតបង់ច្រើនពេក។
យ៉ាងណាមិញ មន្ត្រីគយវៀតណាម Nguyen Huu Vuong ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទ បានស្នើឱ្យប្រើផ្លូវដែកដើម្បីដឹកជញ្ជូនទំនិញទៅកាន់ប្រទេសចិន ចំពេលកុងតឺន័រប្រមាណ ៦២០០គ្រឿងបានកកស្ទះនៅព្រំដែន។ ជាមួយនឹងឡានដឹកទំនិញជាង ២១០០គ្រឿង ដែលជាប់គាំងនៅព្រំដែន ហើយទំនិញក្នងនោះបានខូច ស្អុយ រលួយ ដោយសារការអូសបន្លាយរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ នឹងមិនត្រូវបានដោះស្រាយមុនពេល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងមកដល់ក្នុងខែកុម្ភៈឆ្នាំក្រោយនោះទេ។
ដូច្នេះហើយលោក បានស្នើឱ្យក្រសួងហិរញ្ញវត្ថុ និងគយវៀតណាម លើកទឹកចិត្តឱ្យអាជីវកម្មប្រើប្រាស់រថភ្លើង ដើម្បីដឹកជញ្ជូនទំនិញ ព្រោះនេះកាត់បន្ថយហានិភ័យនៃការឆ្លង ដោយសារបុគ្គលិកមួយក្រុមតូចអាចដំណើរការរថភ្លើងទាំងមូលបាន។ លោកក៏បានអំពាវនាវឱ្យរដ្ឋាភិបាលវៀតណាមដឹកនាំកិច្ចប្រជុំកម្រិតខ្ពស់ជាមួយសមភាគីចិន ដើម្បីបន្ធូរបន្ថយការរឹតត្បិត ដោយសារកិច្ចប្រជុំកម្រិតទាបឃើញថា មិនមានប្រសិទ្ធភាព៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


