លោក Bill Gates ត្រូវបានគេស្គាល់ថា ជាស្ថាបនិកនៃក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយគឺ Microsoft និងជាមហាសេដ្ឋីលំដាប់ពិភពលោក។ ទោះបីស្ថិតក្នុងជីវិតដ៏មានស្តុកស្ដម្ភទាំងទ្រព្យសម្បត្តិ និងកេរ្តិ៍ឈ្មោះ តែការរស់នៅរបស់មហាសេដ្ឋីរូបនេះ គឺសាមញ្ញមែនទែន ហើយភាពសាមញ្ញៗដែលគាត់ធ្វើនេះ គឺជួយគាត់បានច្រើនទាំងក្នុងការគិត និងការរស់នៅដែលយើងនឹកស្មានមិនដល់។
នៅលើ Reddit AMA ក្នុងឆ្នាំ២០១៤ លោក Bill Gates បាននិយាយថា គាត់តែងតែលាងចានបន្ទាប់ពីអាហារពេលល្ងាចរៀងរាល់យប់។ ការងារសាមញ្ញៗនេះ គឺមានប្រយោជន៍ណាស់ សម្រាប់ការបន្ធូរបន្ថយការថប់បារម្ភ និងគិតឱ្យបានច្រើនអំពីបច្ចុប្បន្នកាល។ លើសពីនេះទៅទៀត លោកថា លោកប្រើល្បិចសាមញ្ញមួយនេះ ដើម្បីជម្រះចិត្តគំនិតរបស់គាត់។
ដោយឡែកក្រៅពីការ លាងចាន មហាសេដ្ឋីវាល់លានរូបនេះ នៅមានទម្លាប់ដ៏សាមញ្ញមួយទៀត គឺការអានសៀវភៅ។ លោក Bill Gates បាននិយាយថា គាត់តែងតែចំណាយពេលអានសៀវភៅ ១ម៉ោងជារៀងរាល់យប់មុនពេលចូលដំណេក។ ការអាននេះ ជាផ្នែកមួយជួយឱ្យគាត់គេងលក់ស្រួល ដោយសារការបញ្ចប់ពេលវេលាមួយថ្ងៃដោយការអាន នឹងមិនត្រឹមតែជួយអ្នកឱ្យក្លាយជាមនុស្សដែលមានការបណ្តុះគំនិតកាន់តែច្រើននោះទេ តែវាជាមធ្យោបាយដ៏ល្អក្នុងការចូលទៅក្នុងសភាពស្ងប់ស្ងាត់ ដែលនឹងជួយអ្នកឱ្យគេងលក់ស្រួល៕



អត្ថបទ៖ លីនី
ប្រភព៖ entrepreneur


