សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងក្រុមហ៊ុននានា ចូលរួមទិញសញ្ញាប័ណ្ណ ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ
បុគ្គលជោគជ័យ December 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សម្តេចតេជោ អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារក្នុងស្រុក ទិញសញ្ញាបណ្ណភាគហ៊ុន ក្រុមហ៊ុនសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ ដើម្បីពង្រីកវិសាលភាពទុន ឱ្យកើតចេញពីកញ្ចប់ថវិកាខ្មែរ ដើម្បីស្នាដៃកូនខ្មែរ។

ក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការអំពាវនាវនេះ គឺដើម្បីកាត់បន្ថយទៅលើការពឹងអាស្រ័យទៅលើ ការខ្ចីបុលពីធនាគារក្រៅប្រទេសយកមកសាងសង់អ្វីមួយ។

សម្តេចបន្ថែមថា ភាគតិចណាស់ រាល់ការសាងសង់អ្វីមួយ គឺមិនមានអ្នកណា ដែលប្រើប្រាស់ទុនផ្ទាល់ខ្លួនសម្រាប់ការវិនិយោគ ដោយពុំមានការពឹងពាក់ទៅលើធនាគារនោះទេ។ ប៉ុន្តែសម្តេចក៏បានសម្លឹង ឃើញថា មានក្រុមហ៊ុនមួយ ចំនួនបានប្រើប្រាស់ទុនផ្ទាល់ ខ្លួនសម្រាប់ការសាងសង់ ដោយមិនពឹងពាក់ទៅលើធនាគារ មានដូចជា ក្រុមហ៊ុនលីយ៉ុងផាត់ ក្រុមហ៊ុនវឌ្ឍនៈរបស់ឧកញ៉ា កុក អាន និង ឈុន លាង ក្រុមហ៊ុន ជីប ម៉ុង ជាដើម។

សំឡេង៖« អ៊ីចឹងទេបើសិនជាបណ្ដាក្រុមហ៊ុនទាំងនេះរបស់យើង អាចចូលរួមវិភាគទាននៅក្រុងនេះ អ៊ីចឹងស្នាដៃកូនខ្មែរ ហើយប្រសិនជាបើក ឱកាសឱ្យអ្នកណាក៏ដោយ ឱ្យតែមានលុយទៅទិញបាន ដូចនេះខ្ញុំគិតថាលុយ បីរយលានដុល្លារវាមិនលំបាកទេ។ ហើយឥឡូវខ្ញុំសូមអរគុណ ចំពោះចំណាត់ការអន្តរជាតិ ដែលមិនអនុញ្ញាតឱ្យបុគ្គលខ្មែរណា យកលុយទៅដាក់នៅធនាគារក្រៅប្រទេស។ ខ្ញុំអរគុណ ពិសេសតែម្តង ព្រោះលុយហ្នឹងវានឹងវិលក្នុងស្រុកដដែល។ ការមុននៅពេលដែលអន្តរជាតិ មិនទាន់បានធ្វើការរារាំង ក្នុងការយកទុនលុយទៅដាក់នៅក្រៅប្រទេស ខ្មែរយើងមួយចំនួនបានយកលុយទៅវិនិយោគនៅក្រៅប្រទេស តាមរយៈយកលុយទៅដាក់នៅធនាគារក្រៅ ប្រទេស វាស្មើនឹងយកលុយទៅជួយវិនិយោគជួយនៅក្រៅប្រទេស។ ដល់ឥឡូវវិធានការជាអន្តរជាតិខ្មែរយើងអត់មានឱកាសយកលុយទៅ ទុកនៅក្រៅប្រទេសទេ បើអ៊ីចឹងលុយនោះគឺវានឹងវិលទៅស្រុកខ្មែរ នៅតាមធនាគារនិងអីផ្សេងៗ។ អ៊ីចឹងទេ បានលុយហ្នឹងវាបានជាអចលនទ្រព្យ បើទោះបីជាសម័យកូវីដនេះ ការកសាងលំនៅឋានដើម្បីលក់ដែលមានតម្លៃនេះ ក៏កំពុងតែដំណើរការធម្មតា។ ដែលយើងឃើញថាការទិញលំនៅឋាន វានៅតែបន្ត លក់នៅតែដាច់ បានសេចក្ដីថានៅពេលដែលមានសភាព ការណ៍បែបនេះហើយ ផ្ទះចុះថ្លៃនោះទេ»៕

ប្រភព៖ ក្រសួងព័ត៌មាន