កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំនៅកម្ពុជា គ្រោងពង្រីកការផលិតទឹកដោះឱ្យបាន ២ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការនាំចូលទឹកដោះស្រស់ពីក្រៅប្រទេស
បុគ្គលជោគជ័យ October 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំនៅកម្ពុជា គ្រោងពង្រីកការផលិតទឹកដោះឱ្យបាន ២ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយការនាំចូលទឹកដោះស្រស់ពីក្រៅប្រទេស។ នេះគឺសកម្មភាពដែលបុគ្គលិករបស់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួរគ៌ កំពុងតែមមាញឹក ក្នុងការបូមយកទឹកដោះពីគោ ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប បន្ទាប់ពីគោទាំងអស់ បានងូតទឹកសម្អាតខ្លួនរយៈពេល ៤៥នាទី ដើម្បីធានាថាទឹកដោះគោដែលផលិតដោយកសិដ្ឋាននេះ មានអនាម័យ និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ។

មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីរាជធានីភ្នំពេញ បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ២ បត់ចូលតាមផ្លូវទៅកាន់រមណីយដ្ឋានភ្នំម៉ៅ ប្រមាណមួយគីឡូម៉ែត្រ នៅខាងស្តាំដៃយើងនឹងឃើញកសិដ្ឋានដ៏ធំមួយ។ កន្លែងនេះហើយ គឺជាកន្លែងចិញ្ចឹមគោយកទឹកដោះដ៏ធំមួយនៅកម្ពុជា មានផ្ទៃដីសរុប ៣០០ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។

កសិដ្ឋានគិរីសួរគ៌ ត្រូវបង្កើតឡើងដោយវិនិយោគិនខ្មែរសហការជាមួយជនជាតិអ៉ីស្រាអែល ដោយមានទុនវិនិយោគដំបូងជិត ២០លានដុល្លារ។ កសិដ្ឋានផលិតគោទឹកដោះគិរីសួរគ៌ របស់ក្រុមហ៊ុន Khmer Fresh Milk បានចាប់ផ្តើមដំណើរការពីឆ្នាំ២០១៩ ត្រូវបានគេចាត់ទុកថា ជាកសិដ្ឋានទំនើប និងធំជាងគេនៅកម្ពុជា ដោយប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ របស់ប្រទេសអ៉ីស្រាអែល ទាំងការចិញ្ចឹម ការដាំស្មៅ និងការផលិតចំណី ដែលធ្វើឱ្យគោរបស់កសិដ្ឋាននេះ មានសមត្ថភាពអាចផលិតទឹកដោះគោបានច្រើន។

ការនាំបច្ចេកវិទ្យាពីប្រទេសអ៉ីស្រាអែល ប៉ុន្តែបុគ្គលិកបម្រើការក្នុងកសិដ្ឋាននេះស្ទើរតែ ៩០% គឺបុគ្គលិកជនជាតិខ្មែរដែលជាប្រជាពលរដ្ឋនៅជុំវិញតំបន់ភ្នំតាម៉ៅ ដោយកសិដ្ឋាននេះ មានបំណងចង់ផ្តល់នូវចំណេះដឹង និងបច្ចេកទេសថ្មីៗ ពីការចិញ្ចឹមគោ ការច្របាច់ទឹកដោះគោ ការដាំស្មៅ និងការរក្សាចំណីសម្រាប់ឱ្យគោស៊ីតាមបែបទំនើបដល់ពលរដ្ឋខ្មែរ។ ក្នុងចំណោមបុគ្គលិកជាង១០០នាក់ ក្នុងនោះបុគ្គលិកបរទេសមានតែ៦នាក់ប៉ុណ្ណោះ។

សូមបញ្ជាក់ផងដែរថា ទឹកដោះគោគិរីសួរគ៌ បានឈានជើងចូលទីផ្សារ សាកល្បងដំបូងតាំងពីខែកញ្ញាឆ្នាំ២០២០ និងចាប់ផ្តើមដាក់លក់ជាផ្លូវនៅអំឡុងខែមីនា ឆ្នាំ២០២១ដែល ក្នុងរយៈពេល៩ខែនេះ ដណ្តើមបានចំណែកទីផ្សារប្រមាណ១០%ហើយ និងស្ថិតក្នុង Top 3 សម្រាប់ទីផ្សារទឹកដោះស្រស់ក្នុងប្រទេសកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន