មួយប៉ព្រិចភ្នែកសោះ! មហាសេដ្ឋីវ័យក្មេង Elon Musk បានវ៉ាដាច់លោក Bill Gates ក្លាយជាអ្នកមានបំផុតទី២ លើពិភពលោក
បុគ្គលជោគជ័យ November 24, 2020 Khmernote

លោក Elon Musk ស្ថាបនិកក្រុមហ៊ុនផលិតរថយន្តដ៏ល្បីគឺ Tesla បានក្លាយជាអ្នកមានបំផុតទី២ នៅលើពិភពលោក ដោយបានដណ្ដើមដំណែងរបស់ស្ថាបនិកក្រុមហ៊ុន Microsoft គឺមហាសេដ្ឋីចិត្តធំ៌ Bill Gates។ យោងតាមការចុះផ្សាយដោយសារព័ត៌មាន entrepreneur ការបោះជំហានទៅរកតំណែងដ៏ធំមួយនេះ គឺដោយសារតែ ការកើនឡើងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ខ្ពស់ Tesla។ ដោយយោងតាម សន្ទស្សន៍មហាសេដ្ឋីរបស់ Bloomberg ការកើនឡើងចំនួន ៦.៥៨% នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនបាននាំឲ្យទ្រព្យសម្បត្តិរបស់មហាសេដ្ឋីវ័យក្មេងរូបនេះ ឡើងដល់ទៅ ១២៧.៩ ពាន់លានដុល្លារ ច្រើនជាងលោក Bill Gates ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១២៧.៧ លានដុល្លារ។

មហាសេដ្ឋីសញ្ជាតិកាណាដា Elon Musk បានបង្កើនទ្រព្យសម្បត្តិរបស់គាត់យ៉ាងច្រើន ចាប់តាំងពីក្រុមហ៊ុន Tesla ត្រូវបានឲ្យដឹងថា នឹងត្រូវបញ្ចូលទៅក្នុងសន្ទស្សន៍ភាគហ៊ុន S&P 500 ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ហើយភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តនេះតំណាងឱ្យប្រហែល ៣ ភាគ ៤ នៃទ្រព្យសម្បត្តិរបស់គាត់។ ទោះយ៉ាងណាក្ដី Musk នៅតែនៅពីក្រោយស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលមានតម្លៃ ១៨២ ពាន់លានដុល្លារ។

គួរកត់សម្គាល់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលលោក Bill Gates មិនមែនជាមហាសេដ្ឋីលំដាប់ទី២ នៅលើពិភពលោក ហើយតាមពិតទៅគាត់នឹងមានទ្រព្យសម្បត្ដិច្រើនជាងទ្រព្យសម្បត្តិដែលគាត់មាននាពេលបច្ចុប្បន្ននេះ ប្រសិនបើគាត់មិនបានបរិច្ចាគទឹកប្រាក់ចំនួន ២៦ ពាន់លានដុល្លារទៅឱ្យមូលនិធិ Bill & Melinda Gates ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ នោះ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur