នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានថ្លែងអំណរគុណចំពោះភាពជោគជ័យរបស់ក្រុមហ៊ុន ដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តសុទ្ធចំនួន ២០៧ ពាន់លានដុល្លារ នេះបើយោងតាមសន្ទស្សនមហាសេដ្ឋី Bloomberg។ មុនពេលទទួលបានជោគជ័យ នៅពេលចាប់ផ្ដើមបង្កើតក្រុមហ៊ុន Amazon ក្នុងនាមជាហាងលក់សៀវភៅតាមអ៉ីនធឺណេតក្នុងឆ្នាំ១៩៩៤ លោក Jeff Bezos គិតថា អាជីវកម្មរបស់គាត់នឹងបរាជ័យ។
នៅក្នុងបទសម្ភាសន៍មួយរបស់ទូរទស្សន៍ KING-TV តាំងពីឆ្នាំ ២០០០ មក មហាសេដ្ឋីរូបនេះបានប្រាប់ទៅកាន់លោក John Stofflet ថា គាត់មានឱកាសតែ ៣០% ប៉ុណ្ណោះក្នុងបង្កើតក្រុមហ៊ុន Amazon ហើយគាត់មិនគិតថា គាត់មានឱកាសបង្កើត Amazon ហើយទទួលបានជោគជ័យដូច្នេះទេ គាត់ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់។ តាមពិតទៅពេលនោះលោក Jeff Bezos បានប្រាប់ឱពុកម្ដាយរបស់គាត់ដែលបានផ្ដល់លុយ ២៤៥,៥៧៣ ដុល្លារ ឲ្យគាត់ជួយកសាងអាជីវកម្មនេះ (Amazon) នៅក្នុងឆ្នាំ ១៩៩៥ ថា គាត់ទំនងជានឹងបាត់បង់ការវិនិយោគទាំងអស់នៅក្នុងក្រុមហ៊ុននេះហើយ ។
ការចាប់ផ្ដើមក្រុមហ៊ុន Amazon គឺជាការភ្នាល់ដ៏ធំមួយរបស់លោក Jeff Bezos ដោយគាត់បានបោះបង់ចោលការងារដ៏ល្អនៅ ឯមូលនិធិការពារហានិភ័យមួយនៅក្នុងទីក្រុង New York ហើយបានផ្លាស់ទៅក្រុង Seattle ដើម្បីចាប់ផ្តើមក្រុមហ៊ុន Amazon ចេញពីយានដ្ឋានរបស់គាត់នៅពេលដែលមនុស្សភាគច្រើនមិនដឹងថា តើអ៉ីនធឺណេតគឺជាអ្វី។ លើសពីនេះ ទោះបីជាឪពុកម្តាយរបស់គាត់ ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុក៏ដោយក៏ពួកគេមានការព្រួយបារម្ភអំពីការសម្រេចចិត្តរបស់គាត់ដែរ។ ឪពុករបស់គាត់ឈ្មោះ Jacklyn Bezos បានព្រមានថា គាត់កុំឲ្យឈប់ពីការងារ តែគាត់មិនស្ដាប់។
យ៉ាងណាមិញជាក់ស្តែង មកទល់បច្ចុប្បន្ននេះ Amazon ដំណើរការបានយ៉ាងរលូន សម្រាប់ Bezos ហើយក្រុមហ៊ុន Amazon បានផ្សព្វផ្សាយជាសាធារណៈក្នុងឆ្នាំ១៩៩៧ ហើយសព្វថ្ងៃក្រុមហ៊ុននេះមានចំណែកទីផ្សារប្រហែល ១.៧ ទ្រីលានដុល្លារ។ លោក Bezos បាននិយាយនៅក្នុងពិធីជជែកគ្នានៅឯប្រទេសឥណ្ឌាកាលពីខែមករាថា អ្វីដែលបានកើតឡើងពិតប្រាកដក្នុងរយៈពេល ២៥ ឆ្នាំចុងក្រោយនេះនៅឯក្រុមហ៊ុន Amazon គឺជាអ្វីដែលហួសពីការរំពឹងទុករបស់គាត់ ដោយគាត់សង្ឃឹមថានឹងបង្កើតក្រុមហ៊ុនមួយ ប៉ុន្តែមិនមែនជាក្រុមហ៊ុនដូចអ្វីដែលយើងឃើញសព្វថ្ងៃនេះទេ៕
អត្ថបទ៖ លីនី
ប្រភព៖ cnbc