កំពូលអ្នកជំនួញ ដែលត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីហុងកុងលោក លី កាស៊ីង កើតក្នុងគ្រួសារក្រីក្រមួយដែលត្រូវបង្ខំចិត្តបោះបង់ចោលការសិក្សាតាំងពីក្មេងវ័យ ហើយត្រូវភៀសខ្លួនចេញពីប្រទេសចិនដែលជាស្រុកកំណើតទៅប្រទេសហុងកុង ដោយសារសង្រ្គាមឈ្លានពានរបស់ជប៉ុន។ ចាប់ផ្ដើមពីជិវិតរាបទាបបំផុតក្នុងនាមជាអ្នកលក់ខ្សែក្រវ៉ាត់ និង ខ្សែនាឡិកា បច្ចុប្បន្ន លី ក្លាយជាមហាសេដ្ឋីមួយរូបនៅអាស៊ី ដែលត្រូវបានគេបា៉ន់ប្រមាណថាមានទ្រព្យសម្បត្តិចំនួន ២៩.៤ ពាន់លានដុល្លារ យោងតាមទស្សនាវដ្ដី Forbes។
ផ្ដើមពីចំណុចសូន្យហើយដោយដៃទទេរ រហូតទទួលបានជោគជ័យបន្សល់ជំនួញពាន់លានទុកសម្រាប់កូនចៅ មហាសេដ្ឋីរូបនេះបានលាតត្រដាងនូវគន្លឺះទាំង ៧ យ៉ាងដែលគាត់អនុវត្តក្នុងការរស់នៅ ហើយគន្លឺះទាំងនោះមានដូចជា៖
១. កោតសរសើរវដ្តនីមួយៗ នៃជីវិតរបស់អ្នក (ទាំងក្នុងវ័យក្មេង និងក្នុងពេលដែលអ្នកក្រខ្សត់បំផុត)៖ លោក លី ណែនាំដល់សហគ្រិនវ័យក្មេងទទួលស្គាល់ស្ថានភាពរបស់ពួកគេ ដោយនិយាយថា ការចាប់ផ្ដើមអាជីវកម្ម ឬ ការតស៊ូនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក គឺគ្មានអ្វីត្រូវខ្មាស់អៀននោះទេ។ អ្វីដែលអ្នកត្រូវធ្វើ គឺចាប់ផ្ដើមក្នុងពេលវ័យក្មេងដោយមិនចាំបាច់មានប្រាក់ និងកេរ្តិ៍ឈ្មោះ តែអ្នកត្រូវខិតខំដើម្បីទទួលបានជីវិតដែលប្រសើរជាងមុន។ ជាក់ស្ដែងលោក លី បានចាប់ផ្តើមអាជីវកម្មដំបូងរបស់គាត់នៅពេលគាត់មានអាយុ ២២ ឆ្នាំ (១៩៥០) ដែលមានទឹកប្រាក់ត្រឹមតែ ៥ ម៉ឺនដុល្លារហុងកុង (៦៤៥០ ដុល្លារ) នៅក្នុងរដ្ឋធានី។ អ្វីដែលគាត់ខ្វះថវិកាគាត់បានបង្កើតឡើងក្នុងបំណងចង់រៀន និងច្នៃប្រឌិត។ ទោះបីជាមានទ្រព្យសម្បត្ដិដ៏ច្រើនលើសលប់ក៏ដោយក៏ លី មិនបានភ្លេចពីការចាប់ផ្តើមដ៏រាបទាបរបស់គាត់ទេ។ មហាសេដ្ឋីរូបនេះតែងនិយាយជាញឹកញាប់ចំពោះកូនទាំងពីរនាក់របស់គាត់ថា “ ផ្លែឈើដែលអ្នកញ៉ាំនឹងមិនមានរសជាតិឆ្ងាញ់ដូចផ្លែឈើដែលខ្ញុំបានញ៉ាំក្នុងពេលមានសង្គ្រាមឡើយ” ។

២.កុំបណ្ដោយឲ្យភាពក្រអឺតក្រទមគ្រប់គ្រងលើអ្នក៖ មិនថា លោក លី មានទ្រព្យសម្បត្តិច្រើនក្នុងកម្រិតណាក៏ដោយ ក៏គាត់មើលទៅជាមនុស្សសាមញ្ញមិនដូចមហាសេដ្ឋីដទៃនោះទេ។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះនោះ គឺថ្នាក់ជាមហាសេដ្ឋីពិតមែន តែគាត់ពាក់នាឡិកាតម្លៃត្រឹមតែ ៤៥ ដុល្លារ អស់រយៈពេលជាច្រើនឆ្នាំ ហើយគាត់មានចេតនាធ្វើឲ្យមនុស្សគ្រប់គ្នាយល់ពីគាត់ ដែលលុយ និងភាពក្រអើតក្រទមមិនបានគ្រប់គ្រងកាត់នោះទេ។

៣.បង្កើតទំនាក់ទំនងរបស់អ្នកជាមួយអ្នកដទៃ៖ លោក លី តែងតែផ្ដល់ដំបូន្មានដល់មនុស្សគ្រប់គ្នាឲ្យពង្រីកទំនាក់ទំនងរបស់ពួកគេ តាមរយៈការញាំបាយល្ងាចនៅខាងក្រៅ ឬ ក៏អង្គុយនៅហាងកាហ្វេដោយប៉ាវពួកគេ។ ប៉ុន្តែមហាសេដ្ឋីរូបនេះ បានបញ្ជាក់ថា មុននឹងណាត់នរណាម្នាក់បង្កើតទំនាក់ទំនងត្រូវជ្រើសរើសឲ្យបានច្បាស់ ពោលគឺគួរស្វែងរកមនុស្សដែលមានបទពិសោធនិងក្តីសុបិន្តធំជាងអ្នក។ ជ្រើសរើសមនុស្សដែលអ្នកអាចរៀននិងបែងចែកថវិកាដើម្បីធ្វើដូចនេះរៀងរាល់ខែ។ ក្នុងមួយឆ្នាំអ្នកនឹងមានបណ្តាញច្រើន ដែលអាចបង្កើតតម្លៃយ៉ាងច្រើនសម្រាប់អ្នកទាក់ទងនឹងចំណេះដឹង និងឱកាស។

៤.រៀនក្នុងការលក់ឲ្យបានល្អ៖ ភាគច្រើននៃមហាសេដ្ឋីដែលបង្កើតឡើងខ្លួនឯង សុទ្ធសឹងតែមានជំនាញ និងជំនួញដែលប្រើប្រាស់ការលក់ យ៉ាងហោចណាស់មួយនៅក្នុងជីវិតរបស់ពួកគេ។ ហើយ លី កាស៊ីងក៏មិនខុសពីមហាសេដ្ឋីទាំងនោះដែរ ដោយនៅក្នុងវ័យ ១៩ឆ្នាំ គាត់បានក្លាយជាអ្នកគ្រប់គ្រងទូទៅនៃរោងចក្រដែលគាត់ធ្វើការ បន្ទាប់ពីគាត់បានប្រើជំនាញលក់បានល្អជាងអ្នកនៅក្នុងផ្នែករបស់គាត់។ ការលក់របស់គាត់គឺ លើស ៧ ដងច្រើនជាងភ្នាក់ងារកំពូលផ្សេងៗ ដែលធ្វើឲ្យមនុស្សគ្រប់គ្នាច្រណែន ហើយគាត់ដឹងពីរឿងនេះ។
៥.បង្កើតចំណង់ក្នុងការអាន៖ លោក លី សារភាពថា « ប្រសិនបើខ្ញុំមានវិស្សមកាលដ៏កម្រ ខ្ញុំនឹងចំណាយពេលវេលាក្នុងការអាន »។ ឪពុករបស់គាត់ គឺជានាយកសាលាបឋមមួយមុនពេលគាត់ទទួលមរណភាព ដូច្នេះគាត់ប្រហែលជាបានទទួលឥទ្ធិពលពីឪពុករបស់គាត់ក្នុងការអាននិងរៀន។ ខណៈពេលដែលគាត់ចូលចិត្តសៀវភៅអំពីប្រវត្តិសាស្ត្រ បច្ចេកវិទ្យា និងទស្សនវិជ្ជា ហើយគាត់ក៏អានទិនានុប្បវត្តិពាណិជ្ជកម្ម សៀវភៅអាជីវកម្ម និងអ្វីៗដែលទាក់ទងនឹងឧស្សាហកម្មដែលគាត់ចូលរួមផងដែរ។

៦.ជំរុញអ្នកដទៃឲ្យ្រសើរឡើង៖ អ្នកដឹកនាំបំផុសអ្នកដទៃឱ្យមានភាពអស្ចារ្យ រីឯចៅហ្វាយនឹងត្រួតត្រាអ្នកក្រោមបង្គាប់របស់គាត់ហើយធ្វើឱ្យពួកគេមានអារម្មតូចទាប។ ប្រសិនបើអ្នកជាមេ របៀបដែលអ្នកដឹកនាំអ្នកដទៃ គឺអាស្រ័យលើអ្នក ប៉ុន្តែប្រសិនបើអ្នកចង់បានក្រុមដ៏អស្ចារ្យ វិធីតែមួយគត់គឺធ្វើឱ្យពួកគេចង់ធ្វើតាមអ្នក នេះគឺជាទម្លាប់ដ៏ល្អមួរបស់មហាសេដ្ឋី លី កាស៊ីង។
៧. ចាប់យកឱកាស៖ ការចាប់ផ្តើមអាជីវកម្មមិនងាយស្រួលទេ ដូច្នេះហើយទើបអ្នកត្រូវរៀនឱ្យអស់ពីសមត្ថភាព និងធ្វើឱ្យអស់ពីសមត្ថភាពមុនពេលដែលអ្នកគិតចង់ចាប់ផ្តើមអាជីវកម្ម។ ការខិតខំដែលទៅមុខ ដែលអ្នកធ្វើក្នុងការត្រៀមរៀបចំសម្រាប់ឱកាសការងារនានា។ នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Forbes គាត់បានផ្តល់ដំបូន្មាននេះដល់សហគ្រិនវ័យក្មេង « ប្រសិនបើអ្នកមិនខិតខំទេ ឱកាសនឹងបាត់ទៅវិញ » ។ សរុបសេចក្តីទៅ លី កាស៊ីង មានន័យថា ឱកាសណាក៏ដោយដែលយើងរកបាន យើងគួរតែចាប់យកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីនី
ប្រភព៖ magtapp


