សេដ្ឋីចិត្តធម៌ Bill Gates អំពាវនាវឱ្យការផ្ដល់ថ្នាំ និងវ៉ាក់សាំង Covid-19 ដល់ប្រទេសនិងប្រជាជនដែលត្រូវការវាបំផុត មិនមែនប្រទេសអ្នកមានដែលឲ្យថ្លៃខ្ពស់នោះទេ
បុគ្គលជោគជ័យ July 16, 2020 Chan Sreyny

មហាសេដ្ឋីចិត្តធម៌ Bill Gates ដែលជាម្ចាស់មូលនិធិសប្បុរធម៌ Bill and Melinda Gates បានអំពាវនាវឱ្យការផ្ដល់ថ្នាំ និងវ៉ាក់សាំងវីរុស Covid-19 គួរតែផ្ដល់ដល់ប្រទេស និងប្រជាជនដែលត្រូវការវាបំផុត មិនមែនសម្រាប់លក់ដេញថ្លៃ និងលក់ដល់អ្នកដែលឲ្យតម្លៃខ្ពស់បំផុតទេ។ លោកបាននិយាយថា បើការផ្ដល់ឲ្យពឹងផ្អែកលើទីផ្សារនឹងពន្យារការរាតត្បាតដ៏សាហាវនេះ។

ស្ថាបនិកក្រុមហ៊ុន Microsoft បាននិយាយថា៖ « ប្រសិនបើយើងផ្ដល់ថ្នាំ និងវ៉ាក់សាំងសម្រាប់តែអ្នកដេញថ្លៃខ្ពស់ ជំនួសឲ្យប្រជាជន និងប្រទេសដែលត្រូវការបំផុត នោះយើងនឹងរស់នៅជាមួយជំងឺរាតត្បាតកាន់តែយូរ ហើយនឹងត្រូវបានគេចោទថាធ្វើរឿងអយុត្តិធម៌ថែមទៀត។ មហាសេដ្ឋីរូបនេះបានបន្តថា៖ « យើងត្រូវការមេដឹកនាំធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់អំពីការចែកចាយដោយផ្អែកលើសមធម៌ មិនមែនផ្អែកលើកត្តាជំរុញទីផ្សារទេ »។

ជាមួយគ្នានេះដោយមានគំរោងវ៉ាក់សាំងរាប់រយកំពុងដំណើរការ និងរដ្ឋាភិបាលនៅអឺរ៉ុបរួមទាំងសហរដ្ឋអាមេរិកវិនិយោគរាប់ពាន់លានដុល្លារក្នុងការស្រាវជ្រាវ ការពិសោធន៍ និង​ការផលិត មានការព្រួយបារម្ភថា ប្រទេសអ្នកមានអាចប្រមូលថ្នាំដែលមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសនេះ ទុកឲ្យប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសក្រីក្រមិនទទួលបាន៕

អត្ថបទ៖ លីនី
ប្រភព​៖ reuters