មហាសេដ្ឋីចិន Jack Ma លក់ភាគហ៊ុនរបស់ខ្លួនក្នុងក្រុមហ៊ុន Alibaba បន្ទាប់ពីចុះចេញពីតំណែងដោយផ្ដោតលើសកម្មភាពមនុស្សធម៌
បុគ្គលជោគជ័យ July 13, 2020 Chan Sreyny

លោក Jack Ma សហស្ថាបនិក Alibaba Group Holding Ltd បានកាត់បន្ថយភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុន មកនៅត្រឹម ៤.៨% ពី ៦.៤% កាលពីឆ្នាំមុន ដោយទឹកប្រាក់ប្រមាណ ៩.៦ ពាន់លានដុល្លារអាមេរិកក្នុងតម្លៃភាគហ៊ុនបច្ចុប្បន្ននេះ។

ការកាត់បន្ថយភាគហ៊ុននេះធ្វើឡើងនៅពេលដែលលោក Jack Ma ចូលនិវត្តន៍ជាប្រធាននាយកប្រតិបត្តិក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកចិន Alibaba កាលពីខែកញ្ញា ហើយបានដកខ្លួនចេញពីតួនាទីអាជីវកម្មផ្លូវការ ដើម្បីផ្តោតលើសកម្មភាពមនុស្សធម៌។ ទន្ទឹមនឹងនេះ Alibaba មិនបានបង្ហាញពីតម្លៃលក់ជាមធ្យម នៃការឈប់វិនិយោគរបស់គាត់នោះទេ។ ដោយឡែក តម្លៃភាគហ៊ុនបានកើនឡើងប្រហែល ៤០% ចាប់តាំងពីលោក Jack Ma បានរាយការណ៍ថាលោកមានភាគហ៊ុន ៦.៤% នៅក្នុងក្រុមហ៊ុននេះកាលពីមួយឆ្នាំមុន។

ភាគហ៊ុននៅតែមានការកើនឡើង ទោះបីជាសេដ្ឋកិច្ចចិនធ្លាក់ចុះក៏ដោយ ដោយសារអតិថិជនភាគច្រើនទិញទំនិញតាមអ៊ីនធឺណេត ដែលជាភាពចាំបាច់ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាត។ អនុប្រធានប្រតិបត្តិក្រុមហ៊ុន Alibaba លោក Joseph Tsai ក៏បានកាត់បន្ថយភាគហ៊ុនរបស់គាត់នៅក្នុងក្រុមហ៊ុន ក្នុងរយៈពេលដូចគ្នាពី ២.៣% មកនៅត្រឹម ១.៦% ចំពោះភាគហ៊ុនផ្តាច់មុខមានតម្លៃ ៤.១ ពាន់លានដុល្លារគិតត្រឹមថ្ងៃសុក្រ ។

ទាំង​ Jack Ma និង Joseph Tsai មិនសូវចូលរួមក្នុងប្រតិបត្តិការជាប្រចាំរបស់ Alibaba នោះទេ​ ចាប់តាំងពីលោក Daniel Zhang ត្រូវបានប្រកាសជាអ្នកស្នងតំណែងរបស់លោក Jack Ma ជាប្រធានក្រុមហ៊ុន ដែលលោកបានសន្មតតួនាទីជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៩ ។ ពេញមួយឆ្នាំនេះអ្នកទាំងពីរបានបរិច្ចាគនូវឧបករណ៍ការពារផ្ទាល់ខ្លួន (PPE) រាប់លានគ្រឿង តាមរយៈសប្បុរសធម៌ផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់មន្ទីរពេទ្យទូទាំងពិភពលោក ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ Covid-19 ។

គួរបញ្ជាក់ផងដែរថា ការដាក់ពាក្យនៅខែមេសាឆ្នាំ ២០១៩ ជាមួយគណៈកម្មការមូលបត្រសហរដ្ឋអាមេរិកបានបញ្ជាក់ថា លោក Jack Ma នឹងមានផែនការលក់ភាគហ៊ុនរហូតដល់ ២១ លានហ៊ុនក្នុងរយៈពេលមួយឆ្នាំ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្រាប់សប្បុរសធម៌របស់លោក៕

អត្ថបទ៖ នីតា
ប្រភព៖ channelnewsasia