មើលលុយគេផង! នារីម្នាក់វ័យត្រឹម ២៨ឆ្នាំ អាចរកលុយបានជាង ២ លានដុល្លារចូលនិវត្តន៍មុនអាយុ បង្ហាញពីក្បួនក្នុងការសន្សំលុយ
បុគ្គលជោគជ័យ July 10, 2020 Chan Sreyny

យើងគ្រប់គ្នាអាចនឹងមិនជឿ ឬ មានការភ្ញាក់ផ្អើលខ្លាំងពីស្ត្រីវ័យក្មេងមួយរូបដែលបានឈានដល់កម្រិតចូលនិវត្តន៍មុនអាយុ ដោយពាក្យថាចូលនិវត្តន៍នេះបានន័យថា នាងមានលទ្ធភាពក្នុងការចិញ្ចឹមជិវិតរបស់ខ្លួនដោយមិនចាំបាច់ធ្វើការអ្វីទាល់តែសោះ បើនិយាយឲ្យស្រួលស្ដាប់ គឺមានលុយដេកចាយវាយដោយមិនខ្វល់សោះឡើយ។

អ្នកនាង JP Livingston បានចូលនិវត្តន៍នៅអាយុ ២៨ឆ្នាំ ជាមួយទឹកប្រាក់ចំនួន ២.២៥ លានដុល្លារអាមេរិក បានប្រាប់ពីអាថ៌កំបាំងក្នុងការសន្សំប្រាក់របស់នាងដើម្បីឈានមកដល់ចំណុចនេះ។ នៅលើប្លុករបស់នាងដែលមានឈ្មោះថា Money Habitជាកន្លែងដែលនាងពិភាក្សាពីរបៀបនៃការបង្កើត និងគ្រប់គ្រងផ្នែកហិរញ្ញតាំងពីក្មេង។ នៅពេលនាងមានអាយុ ១២ឆ្នាំ Livingston បានបង្កើតច្បាប់នៃហិរញ្ញវត្ថុផ្ទាល់ខ្លួនមួយដោយយកគំរូតាមសៀវភៅ «Rich Dad, Poor Dad» ដែលធ្វើឱ្យនាងចាប់អារម្មណ៍ក្នុងការសន្សំនិងវិនិយោគ។

នៅពេលនាងដឹងថានាងអាចសន្សំប្រាក់បានយ៉ាងច្រើនដោយបញ្ចបថ្នាក់ (college) ក្នុងរយៈពេលតែបីឆ្នាំ នាងបានចាប់យកឱកាសនោះ។ នាងប្រាប់ស្ថានីយទូរទស្សន៍ CNBC Make It ថា ការបញ្ចប់ការសិក្សាមុនមួយឆ្នាំនេះ ពិតជាជួយផ្នែកហិរញ្ញវត្ថុ ដោយបានសន្សំសំចៃសម្រាប់ការបង់ថ្លៃសិក្សា និងបានផ្តល់ឱ្យនាងនូវប្រាក់ចំណូលបន្ថែមមួយឆ្នាំទៀតដែលមានតំលៃ ១៥០,០០០ ដុល្លារ។ បន្ទាប់ពីបញ្ចប់ការសិក្សា Livingston បានចាប់យកការងារនៅក្រុមហ៊ុនវិនិយោគមួយដែលប្រាក់ខែចាប់ផ្តើមគឺ ៦០,០០០ ដុល្លារបូករួមទាំងប្រាក់រង្វាន់ចុងឆ្នាំដែលស្ទើរតែស្មើនឹងចំនួនប្រាក់ខែ និងបានទទួលការដំឡើងប្រាក់ជាច្រើននៅក្នុងឆ្នាំបន្ទាប់ទៀត។

ក្រោយរយៈពេល ៧ ឆ្នាំនៃការរកចំណូលបានជាង ៧០% នៃប្រាក់ចំណូលរបស់នាង Livingston បានបង្កើតនូវទ្រព្យសម្ប្តត្តិចំនួន ២.២៥ លានដុល្លារ ក្នុងនោះ ៤០% បានមកពីការវិនិយោគនិង ៦០% បានមកពីការសន្សំ ដែល​គ្រប់គ្រាន់ហើយសម្រាប់នាងក្នុងការចូលនិវត្តន៍នៅអាយុ 28ឆ្នាំ។ សព្វថ្ងៃនាងរស់នៅទីក្រុងញូវយ៉កជាមួយប្តីរបស់នាងដែលនៅតែធ្វើការ រួមទាំងសត្វឆ្កែ។ ពួកគេរកប្រាក់បានតិចតួចបំផុតគឺត្រឹម ៦៥,០០០ ដុល្លារក្នុងមួយឆ្នាំដែលអនុញ្ញាតឱ្យពួកគេរក្សាអត្រាសន្សំខ្ពស់។

ទោះបីជា Livingston រកលុយបានច្រើន ប៉ុន្តែនាងក៏ប្រើយុទ្ធសាស្ត្រផ្សេងៗដើម្បីសន្សំប្រាក់បានច្រើនដែរ ដូចជាតាមដានការចំណាយ និងស្វ័យសន្សំលុយ ប៉ុន្តែមានល្បិចមួយដែលធ្វើឱ្យមានភាពខុសគ្នាធំបំផុតគឺ៖ ត្រូវគិតថាមុនពេលយើងចំណាយលុយទិញអ្វីមួយ តើយើងត្រូវចំណាយពេលប៉ុន្មានម៉ោងដើម្បីរកប្រាក់បានក្នុងចំនួននោះវិញ។ នាងបានប្រាប់ថា ដើម្បីទទួលបានអត្រាសន្សំខ្ពស់សូមចាប់ផ្តើមមើលការទិញរបស់អ្នកទាក់ទងនឹងពេលវេលាជាជាងប្រាក់។ Livingston បានបន្តថា វិធីនេះល្អសំរាប់ការទិញទំនិញធំៗ ដែលធ្វើឲ្យយើងគិតថាបើយើងចំណាយកាន់តែច្រើន យើងត្រូវប្រើពេល ប្រើកម្លាំងកាន់តែយូរ កាន់តែច្រើន។

ដូច្នេះប្រសិនបើរបស់ទាំងនោះធ្វើឲ្យអ្នកខាតបង់ច្រើនសូមកាត់បន្ថយការទិញ ហើយផ្ដោយតែលើរបស់សំខាន់ៗនិងចាំបាច់ ហើយប្រសិនបើប្រាក់ចំណូលរបស់អ្នកកើនឡើងចូររក្សាការរៀបចំការរស់នៅឱ្យបានសមរម្យបំផុត។ យ៉ាងណាមិញសូម្បីតែបន្ទាប់កសាងទ្រព្យតម្លៃរាប់លានដុល្លារក៏ដោយក៏ Livingston និងស្វាមីនៅតែជ្រើសរើសរស់នៅក្នុងផ្ទះល្វែងទំហំ ៣២៥ ហ្វីតការ៉េរហូតមកដល់បច្ចុប្បន្ននេះ។ ឥឡូវពួកគេមានកូនហើយពួកគេបានផ្លាស់ទៅកន្លែងធំជាងនេះ។ ប៉ុន្តែប្រសិនបើអ្នកចង់សន្សំប្រាក់ចំណូលបានជាងពាក់កណ្តាលសូមព្យាយាមរស់នៅជាមួយធនធានច្រើនតែក្នុងផ្ទះតូចមួយ៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc